តើយុវជនសាំង តារារស្មីមានដំណើរជីវិតបែបណា ទើបបានជាជោគជ័យក្នុងជីវិតលឿនបែបនេះ?
លោកសាំង តារារស្មីកើតថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៩១ នៅរាជធានីភ្នំពេញ មានបងប្អូន៤នាក់ ដោយយុវជនរូបនេះជាកូនពៅក្នុងគ្រួសារមួយ ដែលមានជីវភាពមធ្យម។
កុមារភាព
កុមារាសាំង តារារស្មីបានចូលរៀននៅសាលាបឋមសិក្សាបាក់ទូក ក្នុងឆ្នាំ១៩៩៦។ កាលនៅរៀនសាលាបឋមសិក្សាបាក់ទូក ថ្នាក់ទី៤ និងទី៥ គេមិនទាន់ចេះគិតគូរអ្វីវែងឆ្ងាយឡើយ ដោយសារនៅក្មេងពេក អីចឹងហើយកុមាររូបនេះក៏ដូចជាសិស្សមួយចំនួនផ្សេងទៀតដែរ តែងលួចដើរលេង គេចសាលាម្ដងម្កាល។ ប៉ុន្តែចូលមកដល់ថ្នាក់ទី៦ តារារស្មីបែរជាប្ដូរអត្តចរិតមិនល្អទាំងនោះចោល មកផ្ដោតលើការសិក្សាវិញ។ ទាំងនេះគឺដោយសារតែការតាំងចិត្ត និងយកគំរូតាមមនុស្សម្នាក់ដែលខ្លូនកំណត់ផ្លូវដើរតាម។
យកបងប្រុសដែលជាសិស្សពូកែធ្វើជាគំរូ
ស្ថិតក្នុងវ័យជាកុមារភាព តារារស្មីគ្រាន់តែជាក្មេងធម្មតាម្នាក់តែប៉ុណ្ណោះ ប៉ុន្តែជីវិតគេចាប់ផ្ដើមមានគោលដៅច្បាស់លាស់ ដោយសារតែកុមារារូបនេះបានចាប់យកបងប្រុសបង្កើតរបស់ខ្លួនធ្វើ ជាមនុស្សគំរូ ខណៈពេលដែលបងប្រុសគាត់ជាសិស្សពូកែប្រចាំសាលាម្នាក់ដែរ គឺសាលាវិទ្យាល័យបាក់ទូក។ ដោយសារតែស្រលាញ់ការសិក្សា រស្មីបានចាប់ផ្ដើមខិតខំរៀនសូត្រ តាំងពីថ្នាក់ទី៧មក។ កាលនៅរៀន មុខវិជ្ជាដែលរស្មីចូលចិត្ត និងរៀនពូកែជាងគេ គឺគណិត និងរូបវិទ្យា។ តារារស្មីបានជក់ចិត្តយ៉ាងខ្លាំងក្នុងការស្រាវជ្រាវលើមុខ វិជ្ជាទាំងពីរនេះ។
គ្រូចង់ដេញចេញពីថ្នាក់ ដោយសារតែសួរ និងឆ្ងល់ច្រើនពេក
រំឭកដល់រឿងនេះ តារារស្មីបានសើចញញឹម រួចនិយាយថា កាលហ្នឹងខ្ញុំរៀនត្រឹមថ្នាក់ទី៧ទេ តែដោយសារតែមហិច្ឆតា និងចាប់អារម្មណ៍យ៉ាងងប់ងុលជាមួយនឹងមុខវិជ្ជាគណិតវិទ្យាខ្លាំង ពេក គេក៏បានចូលរៀនគួរថ្នាក់ទី៩។ ដោយសារតែការចាប់យកការពន្យល់ពីគ្រូនៅមានកម្រិត ព្រោះខ្លួនទើបតែរៀនថ្នាក់ទី៧ តែចូលរៀនគួរជាមួយសិស្សថ្នាក់ទី៩ ទើបធ្វើឲ្យយុវជនរូបនេះឆ្ងល់ និងត្រូវសួរច្រើនជាងសិស្សដទៃទៀតក្នុងថ្នាក់រៀនគួរនោះ។ ការឆ្ងល់ និងការសួរច្រើនដងពេកបានធ្វើឲ្យគ្រូខឹងមួម៉ៅក្រពុលមុខ ព្រោះមិនដែលមានសិស្សណារៀនត្រឹមថ្នាក់ទី៧ ហើយហ៊ានមករៀនគួរថ្នាក់ទី៩ ដូចតារារស្មីបែបហ្នឹងទេ។
តូចតែខ្លឹម គ្រូគណិតវិទ្យាអាយុត្រឹមតែ១៥ឆ្នាំ
ទោះបីមានវ័យទើបតែ១៥ឆ្នាំក៏ពិតមែន ប៉ុន្តែចំណេះដឹងលើមុខវិជ្ជាគណិតវិទ្យារបស់យុវជនរូបនេះអាចរក ចំណូលបាន។ តារារស្មីបានខិតខំពុះពារជិះកង់ដើរបង្រៀនគួរគណិតវិទ្យាតាមផ្ទះ ដោយទទួលបានប្រាក់កម្រៃត្រឹមតែ២៥ដុល្លារក្នុងមួយខែនាពេលនោះ ប៉ុន្តែគិតមកដល់បច្ចុប្បន្ន ប្រាក់២៥ដុល្លារយុវជនរូបនេះអាចរកបានពីការបង្រៀនតែក្នុងមួយ ម៉ោងប៉ុណ្ណោះ។
តារារស្មីបានឲ្យដឹងថា៖ “ខ្ញុំចេញបង្រៀនគេរកលុយចាយដោយខ្លួនឯងតាំងពីថ្នាក់ទី១០មក ម្ល៉េះ។ ដោយសារតែទឹកចិត្តស្រលាញ់ និងមានសមត្ថភាពបង្រៀនគណិតវិទ្យាច្បាស់លាស់ ទើបខ្ញុំត្រូវបានគេជួលឲ្យទៅបង្រៀនគួរគេជាហូរហែ ខណៈដែលមានអាយុត្រឹមតែ១៥ឆ្នាំប៉ុណ្ណោះ”។
ឆ្លងកាត់បទបទពិសោធន៍បង្រៀន ចំណេះដឹងរបស់តារារស្មីក៏កាន់តែកើនឡើង ហើយប្រាក់ចំណូលក៏រកបានក្រាស់ក្រែលដែរ។ ក្នុងមួយខែៗ គ្រាន់តែដើរបង្រៀនគួរ អាចរកបានជិត១០០០ដុល្លារ ព្រោះការបង្រៀនក្នុងមួយម៉ោងបានថ្លៃរហូតដល់២៨ដុល្លារឯណោះ។ តារារស្មីយល់ថា នេះពិតជាមោទនភាពមួយ ពីព្រោះខ្លួនរៀនមិនទាន់ចប់បាក់ឌុបផង រកចំណូលបានខ្ពស់បែបនេះ។
លើសពីនេះទៀតនោះ តារារស្មីបានខិតខំចងក្រងឯកសារ រូបមន្ត ក៏ដូចជាគន្លឹះសំខាន់ៗ ទាក់ទងនឹងមុខវិជ្ជាគណិតវិទ្យានេះ តាំងពីថ្នាក់ទី១០មកម្ល៉េះ ព្រោះតារារស្មីដឹងច្បាស់ថា ថ្ងៃណាមួយ រូបគេនឹងរៀបរៀងចងក្រងជាសៀវភៅដោយខ្លួនឯងមិនខាន។ គិតមកដល់ពេលនេះ សៀវភៅលំហាត់គណិតវិទ្យាដែលតារារស្មីសរសេរសរុបបាន៦ក្បាលហើយ ហើយកំពុងដាក់លក់នៅលើទីផ្សារ ដោយទទួលបានការគាំទ្រទាំងសិស្ស ទាំងគ្រូ ដែលអាចផ្ដល់ប្រាក់កម្រៃក្រាស់ក្រែលដែរមកដល់ពេលនេះ។
ទាក់ទងនឹងប្រវត្តិនៃការបោះពុម្ពសៀវភៅដែលជាស្នាដៃដំបូង យុវជនរូបនេះបានរៀបរាប់ថា៖ “ខ្ញុំសម្រេចចិត្តបោះពុម្ពសៀវភៅគណិតវិទ្យាដោយខ្លួនឯង តែកាលហ្នឹងខ្ញុំគ្មានលុយគ្រប់គ្រាន់ទេ តែដោយសារតែកូនសិស្សដែលខ្ញុំបង្រៀនមានបើករោងបោះពុម្ព ទើបគេឲ្យខ្ញុំបង់រំលោះបន្តិចម្ដងៗ។ ក្រោយពីចេញជាសៀវភៅហើយ ខ្ញុំត្រូវយកសៀវភៅទាំងនោះទៅដាក់តាមកន្លែងលក់សៀវភៅ តាមផ្សារ បណ្ណាគារ ឬដាក់តុអង្គុយលក់ដោយខ្លួនឯងទៀតផង។ ដោយសារតែមិនសូវមានអ្នកស្គាល់ ហើយខ្ញុំមិនមែនជាអ្នករៀបរៀងល្បីផងនោះ ពេលខ្លះត្រូវសុំអង្វរឲ្យគេជួយទទួលលក់តាមកន្លែងលក់សៀវភៅ ទោះបីពេលខ្លះត្រូវគេបដិសេធក៏ដោយ”។
ជើងខ្លាំងខាងសិក្សាវ័យក្មេង
ខណៈពេលដែលខ្លួនទើបតែរៀនត្រឹមតែថ្នាក់ទី៩ប៉ុណ្ណោះ តារារស្មីបានរៀនបញ្ចប់សាលាចិនថ្នាក់ទី១២បាត់ទៅហើយ។ មិនត្រឹមតែប៉ុណ្ណោះ ពេលប្រលងជាប់ចូលមកដល់ថ្នាក់ទី១០ យុវសិស្សរូបនេះបានបញ្ចប់សាលាភាសានៅមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ ការបណ្ដុះបណ្ដាល (ACE)។ នៅឆ្នាំ២០០៨ តារារស្មីបានប្រលងជាប់បាក់ឌុប បន្ទាប់មកដោយសារចង់វាស់ស្ទង់ពីសមត្ថភាពរបស់ខ្លួនក៏បានដាក់ ពាក្យប្រលងតាមសាកលវិទ្យាល័យ។ ជាលទ្ធផល សិស្សពូកែរូបនេះបានប្រលងជាប់អាហារូបករណ៍៨កន្លែងពីសាកលវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ ដែលខ្លួនបានដាក់ពាក្យ ស្ទើរមិនគួរឲ្យជឿ។
ខ្លាំងនៅខ្មែរ តែខ្សោយនៅអេស្ប៉ាញ មានមហិច្ឆតាបង្រៀនកូនខ្មែរជំនាន់ក្រោយឲ្យខ្លាំងជាងខ្លួន
មុនប្រលងបាក់ឌុប តារារស្មីបានចេញទៅប្រលងសិស្សពូកែគណិតវិទ្យាទូទាំងពិភពលោកនៅ ប្រទេសអេស្ប៉ាញ ព្រោះយុវជនរូបនេះជាសិស្សពូកែគណិតវិទ្យាថ្នាក់ជាតិ ប៉ុន្តែជាលទ្ធផលមិនបានជាប់ទេ ព្រោះមានសិស្សពូកែ ច្រើនណាស់បានចូលរួម។ ដោយសារតែខ្លួនបរាជ័យក្នុងការប្រលង ទើបជំរុញឲ្យយុវជនរូបនេះមានឆន្ទៈក្នុងការបង្កើតជាសមាគម គណិតវិទ្យានៃកម្ពុជាតូចមួយ នៅក្នុងវិទ្យាល័យបាក់ទូកជាមួយនឹងមិត្តភ័ក្ដិ ក្នុងគោលបំណងប្រមូលផ្ដុំសិស្សពូកែ ហើយចែករំលែកចំណេះដឹង ក៏ដូចជាជួយបង្រៀនដល់សិស្សជំនាន់ក្រោយ ដើម្បីពង្រឹងចំណុចខ្សោយដែលនៅខ្វះខាត ថែមទាំងបើកបង្រៀនសិស្សដោយមិនយកលុយទៀតផង។
តារារស្មីបានចាប់បង្រៀនគួរគណិតវិទ្យាដល់សិស្សតាំងពីថ្នាក់ទី ១០។ ពេលចូលដល់ថ្នាក់ទី១១ គេធ្វើជាអ្នកបកប្រែភាសាអង់គ្លេសនៅតាមកម្មវិធីផ្សេងៗ។ តារារស្មីក៏មានពេលទៅរៀនជំនាញវគ្គខ្លីៗជាច្រើនទៀត ដូចជារៀននិពន្ធបទភ្លេង តែងរឿង និងរៀនឌីហ្សាញ ហើយក្រោយមកទៀតបានធ្វើជាអ្នកសរសេរអត្ថបទឲ្យទស្សនាវដ្ដីមួយ។ តារារស្មីក៏ធ្លាប់ធ្វើការងារក្នុងអង្គការ IRI និងទូរទស្សន៍ CTN ផងដែរ។
ការងារត្រូវបានផ្លាស់ប្ដូរជាបន្តបន្ទាប់រហូតទៅធ្វើជា ជំនួយការនាយកនៅសាលា ELT ដោយកាន់ការងារ និងតួនាទីច្រើនគួរសមនៅទីនោះ។ ដូរពីការងារជាជំនួយការ តារារស្មីបានទៅធ្វើការងារជាបុគ្គលិកក្រុមហ៊ុន Askap Gold Investment Co Ltd. ដែលជាក្រុមហ៊ុនផ្ដល់ប្រឹក្សាខាងជួញដូរមាសអន្តរជាតិ។ គ្រាន់តែពីរខែប៉ុណ្ណោះ តារារស្មីត្រូវបានគេដំឡើងឲ្យធ្វើជាអ្នកគ្រប់គ្រងប្រចាំក្រុមហ៊ុន។ តាមរយៈបទពិសោធន៍យ៉ាងច្រើនក្រាស់ក្រែលដែរ យុវជនរូបនេះបានឈប់ពីក្រុមហ៊ុនខាងលើ រួចសម្រេចចិត្តបើកក្រុមហ៊ុនដោយខ្លួនឯង ឈ្មោះ ហេលស៍ថាម ដែលជាក្រុមហ៊ុនបោះពុម្ពផ្សាយទស្សនាវដ្ដីហេលស៍ថាម ក្នុងតួនាទីជានាយកប្រតិបត្តិផ្ទាល់ប្រចាំក្រុមហ៊ុនតែម្ដង។ តារារស្មីបានបញ្ជាក់ថា៖ “សព្វថ្ងៃ ចំណូលប្រចាំខែរបស់ខ្ញុំប្រហែល១ម៉ឺនដុល្លារ ក្នុងនោះប្រភពចំណូលបានមកពីការបង្រៀន ការលក់សៀវភៅ និងចំណូលពីក្រុមហ៊ុន”។
យុវជនគួរតែឈរលើកត្តាបីដើម្បីជីវិតទទួលបានជោគជ័យ
ទីមួយ គឺត្រូវមានផែនការប្រចាំជីវិតច្បាស់លាស់ នោះទើបអាចដើរទៅដល់គោលបំណងដែលខ្លួនចង់បាន។ មានតែខ្លួនយើងផ្ទាល់ទេទើបដឹងថា ខ្លួនយើងចង់បានអ្វី ហើយដើម្បីចង់សម្រេចមហិច្ឆតានោះ ត្រូវព្យាយាមធ្វើឲ្យបាន។
ទីពីរ ត្រូវរកបុគ្គលណាម្នាក់ដែលជាបុគ្គលឆ្នើមមកធ្វើជាមនុស្សគំរូ របស់ខ្លួន។ កាលណាយើងមាននរណាម្នាក់ដែលខ្លាំង ហើយអាចទទួលជោគជ័យក្នុងជីវិត យើងនឹងអាចដើរតាមផ្លូវមួយដែលល្អដូចគាត់បាន។ តារារស្មីបានសម្រេចចិត្តយកបងប្រុសរបស់លោកមកធ្វើជាគំរូ ព្រោះបងប្រុសរបស់លោកធ្លាប់ជាសិស្សឆ្នើមប្រចាំសាលាម្នាក់ដែរ ទើបលោករៀនពូកែដូចសព្វថ្ងៃនេះ។
ទីបី យុវជនគ្រប់រូបត្រូវហ៊ានប្រឈមមុខចំពោះបញ្ហា និងទទួលស្គាល់ការពិត។ បុគ្គលមួយចំនួនខឹងច្រឡោត និងប្រតិកម្មតបទៅវិញភ្លាម នៅពេលដែលឮគេនិយាយពីចំណុចខ្សោយ ឬចំណុចមិនល្អរបស់ខ្លួន តែសម្រាប់លោកវិញមិនដែលគិតដូច្នោះទេ។ ផ្ទុយទៅវិញលោកកាន់តែខិតខំកែតម្រូវចំណុចខ្វះខាតទាំងនោះឲ្យ បានល្អប្រសើរ៕
Link to: http://news.sabay.com.kh
No comments:
Post a Comment