សៀមរាបៈ ទិន្នន័យពីអាជ្ញាធរអប្សរាបានបង្ហាញថា ប្រាក់ ចំណូលបានពីការលក់សំបុត្រឲ្យភ្ញៀវទេសចរបរទេសចូលទស្សនាប្រាសាទ អង្គរវត្ត ក្នុងរយៈពេល ៩ ខែឆ្នាំនេះកើនឡើង ១៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
ទិន្នន័យបង្ហាញថា ក្នុងរយៈពេល ៩ ខែដំបូងឆ្នាំនេះចំណូលបានពីការលក់សំបុត្រមានចំនួន ៤១,៤ លានដុល្លារ។
លោក ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរាបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃចន្ទថា ការកើនឡើងនេះកំពុងឆ្លុះបញ្ចាំងពីកំណើនភ្ញៀវទេសចរបរទេស។ ប៉ុន្តែអត្រានេះ គឺទាបជាងបន្តិចធៀបនឹងរយៈពេលដូចគ្នាពីបីឆ្នាំមុន។
លោកបន្តថា៖ «យើងនៅតែមើលឃើញថាចំនួនភ្ញៀវទេសចរបរទេសគឺនៅតែចង់មកទស្សនា ប្រទេសយើង ប៉ុន្តែកំណើនប្រាក់ចំណូលគឺទាបជាងរយៈពេលផ្សេងទៀតដោយសារតែភ្លៀង ឆាប់ធ្លាក់។ យើងមិនអាចព្យាករថាចំនួននេះនឹងកាន់តែចុះទាបសម្រាប់ឆ្នាំនេះទេ ដោយសារយើងសង្ឃឹមថាចំនួននេះនឹងកាន់តែប្រសើរឡើងក្នុងអំឡុងរដូវ ភ្ញៀវទេសចរកើនឡើងខ្លាំងបំផុតនៅខែ វិច្ឆិកា និងខែ ធ្នូ ដោយសារការមកដល់របស់ភ្ញៀវទេសចរកាន់តែច្រើនឡើងៗ»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យមកពីគណបក្សសង្គ្រោះជាតិបានអះអាងថាចំនួនប្រាក់ ចំណូលដែលប្រមូលបាននេះគឺទាបបើប្រៀបធៀបនឹងចំនួនពិតប្រាកដ។ លោកបានបន្តថា៖ «ប្រសិនបើអ្នកសម្លឹងមើលទៅចំនួនភ្ញៀវទេសចរមកទស្សនាប្រាសាទនេះ ក្នុងមួយឆ្នាំៗមានប្រហែលពី ២ ទៅ ៣ លាននាក់ យើងអាចប្រមូលបានយ៉ាងហោចណាស់ក៏ ១០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ»។
លោកនិយាយថា៖ «ខ្ញុំកំពុងឆ្ងល់ថា ហេតុអ្វីបានជារដ្ឋាភិបាលមិនចង់បង្កើតយន្តការដើម្បីប្រមូលប្រាក់ ចំណូលឲ្យបានត្រឹមត្រូវដោយខ្លួនឯង? ហេតុអ្វីក៏ឲ្យក្រុមហ៊ុនឯកជនជាអ្នកប្រមូលទៅវិញ? យើងទទួលបានប្រាក់យ៉ាងងាយស្រួលក្នុងការអភិវឌ្ឍប្រទេស»។
លោកបាននិយាយថា ជាធម្មតាភ្ញៀវទេសចរចំណាយប្រាក់ ៤០ ដុល្លាររយៈពេល ៣ ថ្ងៃជាជាងរយៈពេលមួយថ្ងៃក្នុងការទស្សនាប្រាសាទ អង្គរ។
ភ្ញៀវទេសចរបរទេសចំណាយ ២០ ដុល្លារអាមេរិកដើម្បីទស្សនាប្រាសាទរយៈពេលមួយថ្ងៃ ៤០ ដុល្លារអាមេរិកសម្រាប់រយៈពេល ៣ ថ្ងៃ និង ៦០ ដុល្លារអាមេរិកសម្រាប់ការទស្សនាមានរយៈពេលមួយសប្ដាហ៍។ ប្រាក់ចំណូលសរុបបានពីការលក់សំបុត្រកាលពីឆ្នាំទៅមានប្រហែល ៥១ លានដុល្លារអាមេរិក។
ទិន្នន័យបានពីអាជ្ញាធរអប្សរាបានបង្ហាញថា ភ្ញៀវទេសចរបរទេសប្រហែល ១ ៤៦២ ១៨២ នាក់បានទស្សនាប្រាសាទ អង្គរវត្ត ក្នុងអំឡុងរយៈពេលនេះដែលបានកើនឡើង ១៣ ភាគរយ។
ទិន្នន័យខេត្ត សៀមរាប បានបង្ហាញថា ខេត្តនេះបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួនជាង ១,៥៧៣ លាននាក់ក្នុងរយៈពេលនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ គឺកើនឡើង ៥,៨៣ ភាគរយ។ នៅក្នុងចំនួននេះភ្ញៀវទេសចរកូរ៉េជាប់ចំណាត់ថ្នាក់លេខ ១ មានចំនួន ២៥៩ ៦២៧ នាក់បានកើនឡើងប្រហែល ៣ ភាគរយ បន្ទាប់មកគឺភ្ញៀវទេសចរចិនបានកើនឡើង ៦០,០៣ ភាគរយមានចំនួន ២០០ ៩៧៥ នាក់ ភ្ញៀវទេសចរ វៀតណាមមានចំនួន ២៥៩ ៦២៧ នាក់បានកើនឡើង ៣០,២៤ ភាគរយភ្ញៀវទេសចរមកពីជប៉ុនបានកើនឡើង ១១,០៥ ភាគរយមានចំនួន ១០៨ ៣៤៣ នាក់និងភ្ញៀវទេសចរថៃមានចំនួន ៨១ ០៦៦ បានធ្លាក់ចុះ ៥,០៣ ភាគរយ។
លោក ប៊ុន ណារិទ្ធ បាននិយាយថា ជាធម្មតាប្រាក់ចំណូលបានកើនឡើងជាង ២០ ភាគរយជារៀងរាល់ឆ្នាំផ្អែក លើការមកដល់របស់ភ្ញៀវទេសចរបរទេស។
រដ្ឋាភិបាលបានប្រគល់សិទ្ធិលក់សំបុត្រទៅឲ្យក្រុមហ៊ុន សូគីម៉ិច របស់លោក សុខ គង់ កាលពីឆ្នាំ ១៩៩៩។ ស្ថិតក្រោមកិច្ចព្រមព្រៀងនេះក្រុមហ៊ុន សូគីម៉ិច យល់ព្រមប្រគល់ប្រាក់ចំណូល ៥០ ភាគរយប្រសិនបើការលក់សំបុត្រនៅសួនអង្គរទាបជាង ៣ លានដុល្លារ និង ៧០ ភាគរយប្រសិនបើការលក់សំបុត្រលើសពី ៣ លានដុល្លារ៕ PB
Link to: http://postkhmer.com/index.php/business/business/105412-2013-10-22-02-23-24
No comments:
Post a Comment