Saturday, October 19, 2013

ការ​លក់​រថយន្ត​មែសឺដេស​រវាង​ក្រុមហ៊ុន​នាំ​ចូល​ស្រប​ច្បាប់ និង​ឃ្លាំង​លក់​នានា​កំពុង​ប្រជែង​គ្នា

រថយន្ត​មែសឺដេស ដែល​គេ​ចាត់​ទុក​ថា​ជា​ប្រភេទ​រថយន្ត​ប្រណីត​សម្រាប់​វណ្ណៈ​អភិជន កំពុង​តែ​ប្រកួត​ប្រជែង​ទីផ្សារ​គ្នា រវាង​ក្រុមហ៊ុន​នាំ​ចូល​ស្រប​ច្បាប់ និង​ឃ្លាំង​លក់​នានា។

យ៉ាង​ណា​តាម​​ប្រភពពី​​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត​មែសឺដេស ​ស្រប​ច្បាប់​ប្រាប់​ថា អតិថិជន​កម្ពុជា​កាន់​តែ​ច្រើន​កំពុង​ងាក​ប្រើប្រាស់​រថយន្ត​មែសឺដេស​ដែល​ ទិញ​ពី​ក្រុមហ៊ុន​ស្រប​ច្បាប់​ និង​ដែល​​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ពី​រោងចក្រ​ផលិត។
លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន ហ៊ុងហ៊ាប ជាក្រុមហ៊ុន​ទទួល​​សិទ្ធិ​ចែកចាយ​រថយន្ត​ម៉ាក​មែសឺដេស​នៅ​លើ​ទីផ្សារ​ប្រទេស ​កម្ពុជា បាន​ឲ្យ​ដឹង​នា​សន្និសីទ​សារព័ត៌មាន​កាល​ពី​រសៀល​ម្សិល​មិញ​​ថា ការ​លក់​ចេញ​រថយន្ត​ម៉ាក​មែសឺដេស​ពី​ក្រុមហ៊ុន​របស់​លោក កំពុង​មាន​ការ​កើន​ឡើង​ពី ២០ ទៅ ៣០ ភាគរយ​ជា​រៀងរាល់​ឆ្នាំ។
ការ​លក់​កើន​ឡើង​នេះ លោក​​បញ្ជាក់​ថា ​គឺ​ដោយសារ​ឥរិយាបថ​របស់​អតិថិជន​កំពុង​មាន​ការ​ផ្លាស់​ប្តូរក្នុង​ការ​ ជ្រើសរើស​រថយន្ត​ប្រភេទ​មែសឺដេស ដែល​នាំ​ចូល​ដោយ​ស្រប​ច្បាប់​ ខណៈ​កន្លង​ទៅ​លោក​មើល​ឃើញ​ថា​រថយន្ត​មែសឺដេស​ដែល​អតិថិជន​ទិញ​ប្រើប្រាស់ ច្រើន​មាន​ប្រភព​មក​ពី​ឃ្លាំង​លក់​នានា។
“មុន​ឆ្នាំ ២០០៨ ភាគច្រើន រថយន្ត​ប្រភេទ​មែសឺដេស​ដែល​ធ្វើ​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ ច្រើន​ជា​រថយន្ត​ដែល​មាន​ប្រភព​មក​ពី​ឃ្លាំង​លក់​នានា ហើយ​ភាគ​តិច​ណាស់​ជា​រថយន្ត​ចេញ​ពី​ក្រុមហ៊ុន”។
លោក​ថា ការ​ទិញ​រថយន្ត​ពី​ក្រុមហ៊ុន​​ដែល​ស្រប​ច្បាប់​ និង​មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ អតិថិជន​នឹង​ទទួល​បាន​ការ​ធានា​ការ​ប្រើប្រាស់ ការ​ផ្តល់​ការ​ថែ​ទាំ​និង​ជួសជុល​ប្រកប​ដោយ​ស្តង់ដា​​ រួម​ជាមួយ​ការ​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ក្រោយ​ការ​ទិញ​ ប្រើប្រាស់។
លោក​ទទួល​ស្គាល់​ថា តម្លៃ​លក់​រថយន្ត​ មែសឺដេស​​នៅ​ក្រុមហ៊ុន​មាន​តម្លៃ​ខ្ពស់​ជាង​តម្លៃ​លក់​នៅ​តាម​ឃ្លាំងមួយ​ ចំនួន ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​សម្រេច​ចិត្ត​ខុស​ក្នុងការ​ ជ្រើសរើស​រថយន្ត​​មែសឺដេស​មិន​បាន​ត្រឹមត្រូវ​ ដែល​អាច​នាំឲ្យ​ខាត​បង់លុយ​កាក់​និង​មិនធានា​បានការ​ប្រើប្រាស់​យូរ​អង្វែង។
យ៉ាង​ណានាយក​គ្រប់គ្រង​រូប​នេះ​បាន​អះអាង​ទៀត​​ថា ចំណែក​ទីផ្សារ​រថយន្ត​មែសឺដេស​ដែល​​​លក់​ចេញ​ពី​ក្រុមហ៊ុន​​ កំពុង​មាន​សន្ទុះ​កើន​ឡើង​ ហើយ​លោក​រំពឹង​ទុក​ថា ចំណែកទីផ្សារ​នឹង​កើន​ឡើង​ថែម​ទៀត ដោយសារ​ពលរដ្ឋ​កាន់​តែ​មាន​ការ​យល់​ដឹង​ពី​ការ​ជ្រើសរើស​ទិញ​រថយន្ត​មែសឺដេស ​​ដែល​នាំ​ចូល​ស្រប​ច្បាប់ និង​មាន​ការ​ធានា​ពី​រោងចក្រ​ផលិ​ត​ត្រឹមត្រូវ  ដោយ​មិន​ផ្សងព្រេង​ទិញ​រថយន្ត​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់ ដែល​នាំ​ឲ្យ​ខាត​បង់​លុយ​កាក់​ និង​មិនផ្តល់​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​នោះ​ទេ។
ក្នុង​សន្និសីទ​កាល​ពី​រសៀល​ម្សិលមិញ​នេះ​ដែរ ក្រុមហ៊ុន​នេះ​ក៏​បាន​ប្រកាស​ឈប់​ទទួល​ការ​ផ្តល់​ការ​ថែទាំ​ជួសជុល និង​ការ​ប្តូរ​គ្រឿង​បន្លាស់​ផ្សេងៗ​សម្រាប់​ប្រភេទ​រថយន្ត​មែសឺដេស ដែល​ផលិត​ក្រោយ​ឆ្នាំ ២០១៣ នេះ ដោយសារ​តែ​មើល​ឃើញ​រថយន្ត​ទាំង​នោះ​មិន​មាន​បទដ្ឋាន​ស្តង់ដារ​ត្រឹមត្រូវ, គ្មាន​សុវត្ថិភាព​ក្នុង​ការ​បើកបរ និង​មាន​លក្ខណៈ​បច្ចេកទេស​ខុស​គ្នា​ច្រើន​បើ​ធៀប​ទៅនឹង​រថយន្ត​ដែល​បាន​នាំ​ ចូល​និង​ដាក់​លក់​ដោយ​ក្រុមហ៊ុន។
Link to: http://news.sabay.com.kh/articles/490042

No comments:

Post a Comment