http://news.sabay.com.kh
លោក​ គួច ខេវិន ​អគ្គនាយក​រងស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ បាន​សម្រេច​​ដើរ​ចេញ ពី​​ស្ថានីយ​ទូរទស្សន៍​មួយ​នេះ​ហើយ បន្ទាប់​ពី​លោក​បម្រើការ​នៅ​ទី​នោះ​ជាង ៤ ឆ្នាំ។ នេះ​បើ​តាម​ប្រភព​ច្បាស់​ការ​មួយ​បង្ហើប​ប្រាប់​ Sabay។
តាម​ប្រភព​ ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ការ​ចាក​ចេញ​​របស់​ គួច ខេវិន ពី​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ទើប​​តែ​​ធ្វើ​ឡើង​កាល​ពី​ម្សិល​មិញ​នេះ ក្រោម​ហេតុផល​មិន​សូវ​សប្បាយ​ចិត្ត​ទៅ​នឹង​ការ​ស្ដី​បន្ទោស​​​​​​​របស់​ ថ្នាក់​លើ​​ច្រើន​ពេក។

ប្រភព​នោះ​មិន​បាន​បញ្ជាក់​លំអិត ពី​ដើម​ហេតុ​ដែល​នាំ​ឲ្យ​លោក​ចាកចេញ​នោះ​ឡើយ ប៉ុន្តែ​ថា លោក​ គួច ខេវិន អាច​នឹង​ត្រូវ​ទៅ​បម្រើ​ការងារ​​នៅ​ស្ថានីយ​ទូរទស្សន៍​ថ្មី​មួយ​ទៀត​ក្នុង​​ តំណែង​ធំ​ជាង​​​នេះ ព្រោះ​បច្ចុប្បន្ន​បាន​ចុះ​កុងត្រា​ជា​មួយ​គ្នា​រួច​រាល់​ហើយ។
ថ្នាក់​ដឹក​នាំ​​នៅ​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ មិន​ចង់​ឲ្យ​លោក​ឈប់​នោះ​ទេ ព្រោះថា ​​គូច ខេវិន គឺ​ជា​​បុគ្គល​ម្នាក់ ​ដែល​មាន​ទេពកោសល្យ​ខ្ពស់​ក្នុង​ការ​ដឹក​នាំ​សិល្បៈ និង​បង្កើត​កម្មវិធី​កម្សាន្ត​ផ្សេងៗ ហើយ​អ្វី​ដែល​សំខាន់​ជាង​​នេះ​ទៅ​ទៀត​នោះ ស្ថានីយ​ទូរទស្សន៍​មួយ​នេះ​ពិបាក​នឹង​រក​មនុស្ស​ជំនួស​លោក​បាន​។
ក្នុង​​ជំនួប​តាម​ទូរស័ព្ទ​​មុន​នេះ លោក​គួច ខេវិន បាន​​ទទួល​ស្គាល់​ថា លោក​ពិត​​ជា​បាន​​លាឈប់​ពី​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ពិតប្រាកដ​មែន ហើយ​លោក​និយាយ​ថា ​​ការ​​លាឈប់​នេះ​ទើប​តែ​បញ្ចប់​កាល​ពី​ម្សិល​មិញ​​។
លោក​បាន​ពន្យល់​ថា ការ​លាឈប់​​របស់​លោក​មិន​មាន​បញ្ហា​ផ្ទៃ​ក្នុង ដូច​ការ​លើក​ឡើង​នោះ​ទេ ប៉ុន្តែ​ការ​ឈប់​នេះ  គឺ​លោក​ចង់​មាន​ពេល​លំហែ​កាយ​វិញ​ម្ដង ព្រោះ​លោក​បាន​ប្រលូក​​ការងារ​សិល្បៈ​នេះ ជាង​១០ឆ្នាំ​មក​ហើយ​ ហើយ​មាន​ការ​នឿយ​ហត់​ខ្លាំង។
លោក​បាន​បន្ត​ថា លោក​នឹង​នាំ​ឪពុក​របស់​លោក ​ដែល​មាន​វ័យ​រហូត​ដល់​ទៅ៨៣ឆ្នាំ ដើរ​លេង​ជុំវិញ​ពិភពលោក ដោយ​ដំណើរ​កម្សាន្ត​នេះ​ និង​​ត្រូវ​ចាប់​ផ្ដើម​នៅ​ពាក់​​កណ្ដាល​ខែ វិច្ឆិកា​។ លោក​​​បាន​ប្រាប់​ថា ដំណើរ​កម្សាន្ត​របស់​លោក នឹង​ចេញ​ទៅ​ប្រទេស​ឥណ្ឌា​មុន​គេ ហើយ​​បន្ទាប់​មក​​បន្ត​ទៅ​សហរដ្ឋ​អាមេរិក ជា​ទី​ដែល​ម្ដាយ​ និង​បងប្អូន​​របស់​លោក​កំពុង​រស់​នៅ​ទី​នោះ។ ដំណើរ​កម្សាន្ដ​នេះ​ នឹង​ដើរ​លេង​នៅ​បរទេស​រហូត​ដល់​​ដាច់​ឆ្នាំ​២០១៣ ទើប​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។​
ចំពោះ​រឿង​ចាក​ចេញ​ ពី​​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ទៅ​ចូល​បម្រើការ​នៅ​ស្ថានីយ​ទូរទស្សន៍​​ផ្សេង​ទៀត​នោះ  ហើយ​បាន​ចុះ​កុងត្រា​ជា​មួយ​គ្នា​រួច​រាល់​ហើយ​នោះ   លោក​បាន​ជំទាស់​​ថា មិន​មែន​ជា​ការ​ពិត​នោះ​ទេ។
ទន្ទឹម​នឹង​គ្នា​នេះ​ដែរ លោក​​ គួច ខេវិន​ បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា លោក​មិន​បោះ​បង់​ការងារ​​សិល្បៈ​នោះ​ឡើយ ព្រោះ​នេះ​ ជាចំណង់ចំណូលចិត្ត​របស់​លោក  ក្រោយ​ពី​ត្រឡប់​មក​ពី​លំហែ​កាយ​វិញ លោក​នឹង​គិត​រឿង​នេះ​ ដោយ​ថា នឹង​ត្រូវ​ចូល​ទៅ​ស្ថានីយ​ទូរទស្សន៍​មួយ​ណា​នៅ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ។
ទោះ​បី​ជា​ លោក​ គួច ខេវិន មិន​ទទួល​ស្គាល់​ថា លោក​បាន​​ចុះ​កុងត្រា​ជា​មួយ​ស្ថានីយ​ទូរទស្សន៍​ថ្មី​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ប្រភព​ដែល​គួរឲ្យ​ទុក​ចិត្ត​នេះ បាន​បញ្ជាក់​ថា លោក​នឹង​ចូល​ទៅ​បម្រើ​ការងារ​នៅ ស្ថានីយ​ទូរទស្សន៍​ ដែល​ទើប​នឹង​បង្កើត​ថ្មី ដែល​ជា​សាខា​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន៕​

អត្ថបទ៖ ខុត សីហា

Link to: http://news.sabay.com.kh