ការខ្វះខាតទាំងសម្ភារៈ និងថវិកា ដើម្បីដំណើរការបើកសាលាបង្រៀនភ្លេងប្រពៃណីដល់កុមារក្រីក្រនេះ កើតឡើង បន្ទាប់ពីតារាកំប្លែងមុខស្ងួតនាយ ខ្ជឹប មានគំនិតបង្កើតសាលាបង្រៀនភ្លេងប្រពៃណីដល់ក្មេងជំនាន់ក្រោយ ដើម្បីឱ្យពួកគេស្គាល់កាន់តែច្បាស់ពីភ្លេងខ្មែរ និងប្រពៃណីដ៏ផូរផង់របស់ជាតិ។
នាយ ខ្ជឹប បានបន្តថា កត្តាធ្វើឱ្យលោកបង្កើតសាលាបង្រៀនភ្លេងប្រពៃណីនេះឡើង ដោយយកទីតាំងផ្ទះរបស់ខ្លួនធ្វើជាកន្លែងបណ្ដុះបណ្ដាល ដោយសារតែលោកស្រលាញ់ និងបន្សល់ទុកស្នាដៃខ្លះដល់ក្មេងជំនាន់ក្រោយ។ ម្យ៉ាងទៀត ធ្វើឡើងក្នុងគោលបំណងដើម្បីថែរក្សាកេរដំណែលវប្បធម៌របស់ខ្មែរឱ្យ ស្ថិតនៅគង់វង្សយូរអង្វែង។
តារាកំប្លែងរូបនេះបានបន្ថែមទៀតថា សព្វថ្ងៃលោកមានសិស្សដែលជាក្មេងក្រីក្រនៅជិតផ្ទះរបស់លោក សិក្សារៀងរាល់ថ្ងៃប្រមាណជា ២០ទៅ៣០នាក់។ លោកនិយាយថា លោកចង់បណ្ដុះបណ្ដាលពួកគេឱ្យមានជំនាញខាងភ្លេងប្រពៃណីនេះ ចេះពិតប្រាកដដើម្បីបម្រើអារម្មណ៍របស់ទស្សនិកជន។
ជាមួយគ្នានេះដែរតារាកំប្លែងនាយ ខ្ជឹប ក៏បានស្នើទៅដល់សប្បុរសជននានាទាំងក្នុង និងក្រៅប្រទេសមេត្តាជួយ ជាសម្ភារៈ និងថវិកាទោះតិចក្ដី ច្រើនក្ដីដើម្បីធ្វើឱ្យសាលារបស់លោកអាចដំណើរការទៅបាន។ លោកអះអាងថា ការបង្កើតសាលា និងការស្នើសុំជំនួយពីសប្បុរសជននេះលោកគ្មានបំណងស្វែងរកភាគលាភ អ្វីនោះទេ គឺគ្រាន់តែចង់ជួយលើកកម្ពស់វប្បធម៌របស់ជាតិ និងកុមារក្រីក្រដែលពួកគេគ្មានលទ្ធភាពទៅរៀននៅសាលាថ្លៃៗតែ ប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយនាយ ខ្ជឹប បានបញ្ជាក់ថា មកទល់នឹងពេលនេះលោកមិនទាន់មានលទ្ធភាពបង្កើតសាលាបង្រៀនមុខ វិជ្ជាកំប្លែងទៅដល់ក្មេងជំនាន់ក្រោយនៅឡើយទេ។ លោកបានអះអាងថា មុខវិជ្ជាកំប្លែងមានភាពពិបាកជាងមុខវិជ្ជាភ្លេងប្រពៃណី ព្រោះត្រូវទាមទារឱ្យមនុស្សព្យាយាមច្រើន និងមានទេពកោសល្យតាំងពីតូចមក។ ដូច្នេះហើយទើបលោកបណ្ដុះបណ្ដាលទៅលើតែភ្លេងប្រពៃណីសិន។
តារាកំប្លែងនាយ ខ្ជឹប ទើបតែដំណើរការសាលាបង្រៀនភ្លេងប្រពៃណីទៅដល់ក្មេងក្រីក្រជាង២ខែ ប៉ុណ្ណោះ តែត្រូវជួបកង្វះខាតសម្ភារៈ ដោយមិនមានថវិកាគ្រប់គ្រាន់។ នាយ ខ្ជឹប ជាតារាកំប្លែងល្បីម្នាក់ ក្នុងចំណោមតារាកំប្លែងនានាដូចជានាយ កុយ នាយ ក្រឹម នាយ វាំងដើ (ស្លាប់) នាយ សានម៉ៅ នាយ ចាបចៀន ជាដើម។
នៅឆ្នាំ២០០៥ បានបំបែកខ្លួនពីក្រុមតារាកំប្លែងខាងលើដោយមកបង្កើតក្រុម កំប្លែងផ្ទាល់ខ្លួនដោយដាក់ឈ្មោះរបស់ខ្លួនផ្ទាល់គឺក្រុមកំប្លែង នាយ ខ្ជឹប ដោយមានសមាជិកដូចជា នាយ ខ្ជឹប នាយ ក្រួច នាយ តឹង នាង ប៉ុមពុយ នាយ ស្វិត នាយ វ៉េវ និងនាយ កាត្រប់៕
ប្រសិនបើបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសចង់ផ្ដល់ជាថវិកា និងសម្ភារៈជួយគាំទ្រការបើសាលាបង្រៀនភ្លេងប្រពៃណីរបស់នាយ ខ្ជឹប សូមទំនាក់ទំនងទៅកាន់លោកផ្ទាល់តាមរយៈទូរស័ព្ទ ០១២ ៨២៤ ៤២៩។
Link to source: http://news.sabay.com.kh
No comments:
Post a Comment