Thursday, April 3, 2014

អស្ចារ្យ!​ Google​ ដាក់​បញ្ចូល​ប្រាសាទ​តំបន់​អង្គរ​ក្នុង​ Street View ​ជា​ផ្លូវការ​អម្បាញ់មិញ​នេះ

Google​ ដែល​បាន​បញ្ជូន​រថយន្ត​បំពាក់​កាមេរ៉ា​មក ​ចាប់​យក​រូប​ភាព​នានា​ក្នុង​តំបន់​អង្គរ​​នា​ពេល​កន្លង​ទៅ​ ឥឡូវ​នេះ​​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រូបភាព​ទេសភាពតាម​​ដង​វិថី​ ឬ Street View​ នៃ​​តំបន់​អង្គរ​ដ៏​ល្បីល្បាញ​​ លើ​ផែនទី​ Google Maps​ ជា​ផ្លូវ​ការ​ហើយ​ នៅ​ព្រឹក​នេះ​ ក្រោម​វត្តមាន​អ្នក​យក​ព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​មក​ពី​ទូទាំង​ពិភព​លោក​ ប្រហែល៩០នាក់។

ការ​បើក​សម្ពោធ​ រូបភាព​ទេសភាពតាម​​ដង​វិថី​នៃ​តំបន់​អង្គរ​នេះ​ គឺ​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប​តែ​ម្ដង។ ដូច្នេះ​​​ប្រជាជន​ជុំ​វិញ​ពិភពលោក​អាច​ទស្សនា​តំបន់​ប្រាសាទ​អង្គរ​ គយគន់​តួ​ប្រាសាទ​ ព្រម​ទាំង​ចម្លាក់​នានា​យ៉ាង​ជាក់​ស្ដែង​ តាម​​រូប​ភាព​​ឌីជីថលកម្រិត​​៣៦០​ដឺក្រេ​ លើ​បណ្ដាញ​អ៊ីនធឺណិត។
ដើម្បី​បង្កើត​រូបភាព​ទេសភាពតាម​​ដង​វិថី​នៃ​តំបន់​អង្គរ​នេះ​បាន​ Google​ បាន​ប្រើប្រាស់​ឧបករណ៍​ច្រើន​ប្រភេទ​ មាន​ទាំង​រថយន្ត​ជិះ​ជុំ​វិញ​តំបន់​អង្គរ​ និង​ Street View Trekker​ ដើរ​ជុំ​វិញ​សំណុះ​ប្រាសាទ​ ព្រមទាំង​​ជើង​កាមេរ៉ា​ ផ្ដិត​យក​រូប​ភាព​​ផ្នែក​ខាង​ក្នុង​នៃ​ប្រាង្គ​ប្រាសាទ​ទាំង​អស់​ដោយ​ប្រុង​ ប្រយ័ត្ន។


លោក​ Manik Gupta​ ប្រធាន​គ្រប់គ្រង​ផលិត​ផល​នៃ​ផែនទី​ Google Maps​ ថ្លែង​ថា​៖ “យើង​សង្ឃឹម​ថា​ ប្រជាជន​កម្ពុជា​ និង​ប្រជាជន​ទូទាំង​ពិភពលោក​អាច​ស្វែង​យល់​ពី​កេរ្តិ៍​មរតក​វប្បធម៌​ និង​កេរ្តិ៍​ដំណែល​បុរាណ​របស់​ប្រទេស​កម្ពុជា​តាម​វិធី​ដ៏​ថ្មី​សន្លាង​មួយ​ នេះ”។
ទន្ទឹម​គ្នា​​នេះ​ដែរ​ Google ​ក៏​សម្ពោធ​ការ​ដាក់​តាំង​រូបភាព​ផ្សេង​ៗ ​នៅ​លើ​គម្រោង​អច្ឆរិយ​ពិភពលោក​ ឬ World Wonders Project ​នៃ​វិទ្យាស្ថាន​ចង​ក្រង​វប្បធម៌​របស់​ Google (Google Cultural Institute)​ផង​ដែរ​ ដែល​គេ​អាច​ចូល​ទៅ​មើល​យ៉ាង​លម្អិត​ពី​ចម្លាក់​សិល្បៈ​ដ៏​ល្បីល្បាញ​ ដូចជា​ចម្លាក់​រឿង​កូរ​សមុទ្រ​ទឹក​ដោះ​ និង​ចម្លាក់​ផ្សេង​ៗ​ទៀត​ មាន​រហូត​ដល់​ជិត​៣០០​ផ្ទាំង​ ដោយ​រូប​ខ្លះ​ថត​តាំង​ពី​ទសវត្ស​ឆ្នាំ​១៩៤០​មក​ម៉្លេះ។




លោក ​ Amit Sood​ អគ្គនាយក​នៃ​វិទ្យាស្ថាន​ចង​ក្រង​វប្បធម៌​របស់​ Google​  (Google Cultural Institute)​ ថ្លែង​ថា​ ការ​ចង​ក្រង​វប្បធម៌​នេះ​ គឺ​ដើម្បី​ធ្វើ​ឲ្យ​បេតិកភណ្ឌ​នានា​នៅ​លើ​ពិភព​លោក​ងាយ​ស្រួល​ក្នុង​ការ​ ស្វែង​រក​ និង​អភិរក្ស​តាម​លក្ខណៈ​ឌីជីថល។
លោក​បញ្ជាក់​ថា៖ “តាម​រយៈ​ការ​បង្ហាញ​លើ​បណ្ដាញ​អ៊ីនធឺណិត​នូវ​ទស្សនីយភាព​នៃ​តំបន់​អង្គរ​ ដែល​ជា​និមិត្តរូប​ដ៏​អស្ចារ្យ​បំផុត​របស់​ប្រទេស​កម្ពុជា​ យើង​សង្ឃឹម​ថា​ នឹង​អាច​ទាក់​ទាញ​ប្រជាជន​ទូទាំង​ពិភព​លោក​ឲ្យ​ស្វែង​យល់​បន្ថែម​ទៀត​អំពី​ ពិភព​សិល្បៈ និង​វប្បធម៌​ខ្មែរ​ដែល​ជា​ទី​គាប់​ចិត្ត​នេះ”។
ខណៈពេល​នេះ​ Google​ កំពុង​តែ​នាំ​អ្នក​​សារព័ត៌មាន​ប្រហែល៩០​នាក់​ មក​ពី​ជុំ​វិញ​​ពិភពលោក​ដើរ​ទស្សនា​ប្រាសាទ​​ជាមួយ​នឹង​រូបភាព​ទេសភាពតាម​​ ដង​វិថី​ដែល​គេ​អាច​មើល​បាន​ក្នុង​ទូរសព្ទ​ដៃ​ស្មាតហ្វូន​របស់​គេ៕

Link to source: http://news.sabay.com.kh

No comments:

Post a Comment