Thursday, October 17, 2013
លី ច័ន្ទសីហា មមាញឹកសម្តែងនៅអាមេរិកត្រៀមទៅកាណាដាទៀត
រាជធានីភ្នំពេញ ៖ តារាសម្តែងពូកែខាងទួញយំតាំងពីវ័យក្មេង នាងលី ច័ន្ទសីហា ពេលនេះកំពុងតែសម្តែងនៅទឹកដីមហាអំណាច ដែលមានលោកអូបាម៉ា ជាអ្នកគ្រប់គ្រង ។ នាងសម្តែងនៅទីនោះតាមការចង់ឃើញមុខរបស់នាងផ្ទាល់ពីអាណិកជន ខ្មែរយើង ។ សាច់ញាតិបង្ហើបឱ្យដឹងថា បើមិនមានការប្រែប្រួលទេ លី ច័ន្ទសីហា នឹងវិលមកកាន់ប្រទេសកំណើតវិញនាអំឡុងចុងខែវិច្ឆិកា ។ បន្ទាប់មក នាងគ្រោងទៅសម្តែងនៅប្រទេសកាណាដា មួយគ្រាទៀត ។
រយៈពេល ជាងមួយខែមកហើយ ដែលតួសម្តែងក្នុងរឿង «មរណមាតា» កញ្ញាលី ច័ន្ទសីហា ចេញច្រៀងនៅប្រទេសអាមេរិកជាលើកទី១ ដោយរួមដំណើរជាមួយនាងតូតា លោកជិន ស៊ីណារ៉ាក់ និងកញ្ញារ៉ូលីន ។
ដំណើរ ចេញទៅអាមេរិករបស់ក្រុមតារាប្រុសស្រីទាំង៤រូបនេះ រងផលប៉ះពាល់ស្ទះដំណើរម្តងហើយម្តងទៀត ដោយសារតែស្ថានទូតអាមេរិកពន្យារពេលផ្តល់ទិដ្ឋាការ ព្រោះតែកន្លងមកមានតារាមួយចំនួនពេលទៅសម្តែងនៅអាមេរិក លួចគេចមិនវិលមកប្រទេសវិញ ។ តារាទាំង៤រូបនោះ បានសន្យារួចហើយថា នឹងវិលមកមាតុប្រទេសវិញតាមកាលបរិច្ឆេទ ដើម្បីវិលមកកាន់តួនាទីរៀងខ្លួន ដែលមាននៅក្នុងប្រទេស មិនគេចទៅណាទេ ព្រោះមិនចង់បិទផ្លូវរកស៊ីក្នុងវិថីសិល្បៈ ។
សម្រាប់ លី ច័ន្ទសីហា ចាត់ទុកឆ្នាំ២០១៣នេះ មានរាសីខ្ពស់គ្រាន់បើ ដែលក្តាប់ឱកាសបានចេញទៅសម្តែងនៅក្រៅប្រទេស បន្តពីប្រទេសមួយទៅប្រទេសមួយ ព្រោះមុនទៅអាមេរិក នាងទើបតែបញ្ចប់ការសម្តែងនៅដែនកោះល្បីឈ្មោះអូស្ត្រាលី ដោយទទួលបានរង្វាន់លើកទឹកចិត្តមិនតិចទេ ។ ឥឡូវនេះឮដំណឹងថា លី ច័ន្ទសីហា ដែលកំពុងតែជាប់មមាញឹកសម្តែងតាមរដ្ឋនានានៅអាមេរិកនោះ គ្រោងចេញទៅសម្តែងនៅប្រទេសកាណាដាបន្តទៀត ។ ដំណឹងនេះប្រសិនជាពិតមែននោះ ចាត់ទុកថា នាងមានរាសីខ្ពស់មិនធម្មតាទេ សម្រាប់ទីផ្សារខាងក្រៅ ព្រោះប្រទេស ល្បីៗលើពិភពលោក សីហា ហក់ទៅដល់ពីមួយទៅមួយ ។
កាល ពីប៉ុន្មានឆ្នាំមុន សីហា មិនមានតម្រុយណាសម្តែងក្រៅស្រុកសោះ ក្រៅពីឃើញតែថតឈុតខារ៉ាអូខេឱ្យផលិតកម្មក្រៅស្រុក មួយៗប៉ុណ្ណោះ។
ក្នុងជំនួបកាលពីពេល ថ្មីៗនេះជាមួយលោកលី សុខជុន ជាឪពុក បានប្រាប់ថា នៅអាមេរិក សីហា និងអ្នករួមក្រុម៣នាក់ទៀត គឺសុទ្ធតែជោគជ័យទាំងអស់គ្នា ។ ដ្បិតសីហា មិនសូវពូកែច្រៀង តែមុនទៅអាមេរិក បានខិតខំហាត់បទចម្រៀង ពីដើមៗ ទាំងបទមនោសញ្ចេតនា និងបទចម្រៀងចង្វាក់រាំវង់ រាំក្បាច់ ឡាំលាវ ដើម្បីបំពេអារម្មណ៍បងប្អូនខ្មែរយើងនៅទីនោះ ។
ប្រភពដដែល បន្តថា លី ច័ន្ទសីហា ក្រៅពីច្រៀង ឆ្លៀតពេលសម្តែងបែបសាច់រឿងបុរាណអមដោយបទចម្រៀងពីមុន ដូចជាបទទុំទាវ និងអនអើយស្រីអនជាដើម ។ រូបភាពទាំងអស់នោះសុទ្ធតែឆ្លុះបញ្ចាំងពីវប្បធម៌ប្រពៃណីជាតិយើង រាប់តាំងពីការស្លៀកពាក់ផង ។ លោកបានផ្តាំផ្ញើឱ្យកូនស្រីខំរំលេចតែអ្វីដែលគេស្គាល់ថាជា ខ្មែរ។ នៅទីនោះនាងបានជួបតារារៀមច្បង ចាស់ៗមួយចំនួន ពិសេសបានជួបនាងនី មល្លិកា ដែលទើបតែទៅរស់នៅទីនោះជាមួយស្វាមី ។
ឪពុកតារាសម្តែងល្បីឈ្មោះរូបនេះបន្តទៀតថា បើមិនមានអ្វីប្រែប្រួល សីហា នឹងវិលមកវិញនៅចុងខែវិច្ឆិកា ព្រោះនាងមានផែនការច្រើនជុំវិញការងារសិល្បៈ ដោយសារក្រៅពីមានគម្រោងចេញទៅកាណាដា ប៉ុន្មានខែនាងក៏មានខ្សែរឿងថ្មីមួយ ដែលទើបតែថតជាតួឯក ចាក់បញ្ចាំងដែរ ។ អុីចឹងហើយ ទើបឆ្នាំនេះ សីហា មិនសូវជាបានមកបង្ហាញមុខនៅតាមកញ្ចក់ទូរទស្សន៍ដូចមុនទេ ប៉ុន្តែពេលនាងវិលពីអាមេរិក សល់ចន្លោះបន្តិចបន្តួច លោកនឹងឱ្យនាងសម្តែងតាមទូរទស្សន៍ខ្លះ ដើម្បីបង្ហាញជូនមហាជនទូទៅកុំឱ្យបាត់មុខទាំងស្រុងពេក ៕
Link to: http://kohsantepheapdaily.com.kh/article/82216.html
Labels:
News
Subscribe to:
Post Comments (Atom)


No comments:
Post a Comment