អ្នកស្រី លឹម លីណា លោក Roland Bala លោក ម៉ៃ តុលា និងលោក Charles Julliard នៅក្នុងសន្និសីទកាសែត។ រូបថត ស្រេង ម៉េងស្រ៊ុន
ក្នុងសន្និសីទកាសែត នៅឯពហុកីឡដ្ឋាន Beeline Arena កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ តំណាងម្ចាស់ឧបត្ថម្ភធំគឺស្រាបៀរ Tiger ព្រមជាមួយដៃគូCoca Cola និង EZECOM បានជ្រើសរើសយក Beeline Arena ជាកន្លែងរៀបចំការប្រកួតដែលនឹងចាប់ដំណើរការពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ។
លោក ម៉ៃ តុលា អ្នកនាំពាក្យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានថ្លែងថា៖«ការមិនមានថវិកាគ្រប់គ្រាន់ បានធ្វើឲ្យយើងមិនអាចបន្តការរៀបចំការប្រកួតហ្វុតសាលជ្រើសរើស ជើងឯកប្រចាំឆ្នាំ ទៀតបាន ប៉ុន្តែដោយសារកីឡាករប្រភេទនេះ មានការពេញនិយម និងមានការលេងកាន់តែច្រើននោះ យើងត្រូវតែរៀបចំបង្កើតឲ្យមានការប្រកួតក្របខ័ណ្ឌថ្នាក់ជាតិឡើង វិញ ដើម្បីដឹងពីសមត្ថភាពពិតប្រាកដរបស់កីឡាករហ្វុតសាលយើង ព្រោះពេលនេះយើងមានស្រាបៀរ Tiger Coca Cola EZECOM និងBeeline Arena ជាអ្នកឧបត្ថម្ភ ខណៈសហព័ន្ធជាអ្នកទទួលបន្ទុកលើបច្ចេកទេស ក្នុងការរៀបចំការប្រកួតនេះ»។
ក្រុមកីឡាករហ្វុតសាលចំនួន៣២ ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងការប្រកួតនេះ ហើយក្រុមទាំងនេះ នឹងត្រូវបែងចែកការប្រកួតជា៨ពូល ប៉ុន្តែមានតែក្រុមទទួលបានចំណាត់ថ្នាក់លេខ១នៃពូលនីមួយៗ ប៉ុណ្ណោះ មានសិទ្ធិឡើងទៅវគ្គបន្ត។
លោក Roland Bala អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនCambodia Brewery Limited បាននិយាយថា៖«បាល់ទាត់ហ្វុតសាល គឺជាប្រភេទកីឡាថ្មីមួយសម្រាប់កម្ពុជា ប៉ុន្តែខ្ញុំមានទំនុកចិត្តថាប្រទេសដែលស្រឡាញ់កីឡាបាល់ទាត់មួយ នេះ នឹងចាប់យកកីឡាថ្មីមួយនេះ ហើយស្រាបៀរTiger មានមោទនភាពចំពោះការសហការ ការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ហ្វុតសាលនៅកម្ពុជា ព្រោះយើងសង្ឃឹមថា កីឡាករកម្ពុជា អាចមានសមត្ថភាពទៅលេងបាល់ទាត់លីកនៅអង់គ្លេស»។
អ្នកនាង លឹម លីណា ប្រធានផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃក្រុមហ៊ុន Coca Cola បាននិយាយដែរថា៖«យើងពិតជារីករាយ ក្នុងការចូលរួមឧបត្ថម្ភក្នុងការប្រកួតនេះ ហើយយើងសង្ឃឹមថាការប្រកួតនេះនឹងទទួលបានការគាំទ្រច្រើន។ ជាងនេះទៅទៀតការឧបត្ថម្ភនេះជាការជួយលើកកម្ពស់វិស័យកីឡា បាល់ទាត់ហ្វុតសាលនៅកម្ពុជា ព្រោះកីឡាប្រភេទនេះមានការពេញនិយមខ្លាំងណាស់នៅកម្ពុជានិងនៅលើ ពិភពលោក ដូច្នេះការប្រកួតនេះជាជំហានក្នុងការជំរុញហ្វុតសាលរបស់យើងឲ្យ មានការរីកចម្រើន»។
ចំពោះរង្វាន់ដែលត្រូវទទួលបានលោក Charles Julliard អ្នកគ្រប់គ្រងទូទៅរបស់ Beeline Arena បានប្រាប់ថា៖«អ្នកឈ្នះលើកដំបូងក្នុងព្រឹត្តិការណ៍នេះ គឺចំណាត់ថ្នាក់លេខ១បានពានTiger មួយ មេដាយមាស និងទឹកប្រាក់២៥០០ដុល្លារ លេខ២បានមេដាយប្រាក់ និងប្រាក់១ពាន់ដុល្លារ រីឯលេខ៣បានមេដាយសំរឹទ្ធនិងប្រាក់៥០០ដុល្លារ»៕
Link to: http://postkhmer.com/index.php/sport/foot-ball/105598-2013-10-25-01-50-51
No comments:
Post a Comment