ធិក កល្យាណ
ភ្នំពេញ ប៉ុស្តិ៍
កញ្ញា ថន ថាណែត សិក្សាជំនាញថតរូបអាជីពតែងមានក្ដីស្រមៃចង់ក្លាយជាតារាលើវិថីសិល្បៈមួយរូប។ រូបថត សហការី
សៀមរាបៈ ក្តីសុបិនក្លាយជាតារាមួយដួងរបស់ កញ្ញា ថន ថាណែត ជាក្មេងស្រីមានស្រុកកំណើតនៅខេត្ត សៀមរាប នោះបានរំលេចជាការពិតពេលដែលនាងមានវ័យ ២២ ឆ្នាំ។
បន្ទាប់ពី បញ្ជប់ការសិក្សានៅវិទ្យាល័យ ថាណែត បានបម្រើការងារជាអ្នកបកប្រែភាសា ជប៉ុន ម្នាក់អស់រយៈពេលបីឆ្នាំ ខណៈ នាងក៏បានឆ្លៀតឱកាសរៀនយកជំនាញថតរូបផងដែរ ក្នុងពេលនៅខេត្ត សៀមរាប មិនសូវមាននារីប្រឡូកក្នុងអាជីពកាន់កាមេរ៉ានោះ។ពេលនេះ កញ្ញា ថន ថាណែត បានក្លាយជាអ្នកថតអាជីពឲ្យភ្នាក់ងារ Asia Cam-Photography ប្រចាំខេត្ត សៀមរាប។
នាងនិយាយថា៖ «ការថតរូបដូចជាការធ្វើដំណើរលើផ្លូវមួយដ៏វែងឆ្ងាយ ដើម្បីស្វែងរកនូវអ្វីជាវត្ថុអាថ៌កំបាំងដែលបានបំបាំងកាយនៅក្នុង ព្រៃឈើដ៏ជ្រៅមួយ។ មើលទៅវាដូចជាដំណើរផ្សងព្រេងដ៏រីករាយចិត្តមួយ»។
តែពេលនេះ នាងបានក្លាយជាអ្នកមានជំនាញខាងថតរូប ដោយគ្រប់ពេល ទៅណា មកណា នាងតែងកាន់ កាមេរ៉ា ជាប់តែម្តងហើយ។ ក្រៅពីនេះ នាងក៏ជានិស្សិតឆ្នាំទីបី ផ្នែកទីផ្សារ នៃសាកលវិទ្យាល័យ បៀលប្រាយ ទៀតផង។ តាមពិតទៅ នាងបានប្រើជំនាញទីផ្សារនេះរួចទៅហើយ ដោយបានបើកមុខជំនួញមួយលើសេវាកម្មជួលកង់ជិះដែលមានឈ្មោះថា Vintage Bike។ ជារឿយៗ កញ្ញា ថន ថាណែត បានធ្វើដំណើរឡើងចុះភ្នំពេញ ដើម្បីសិក្សាបន្ថែមនូវមុខជំនាញផ្នែកទីផ្សារនេះ។
ទីបំផុត នាងក៏បានពើបប្រទះនឹងឱកាសដ៏អស្ចារ្យមួយដោយមជ្ឈមណ្ឌលព័ត៌មាន ស្រ្តីកម្ពុជា បានប្រកាសជ្រើសរើសនាងធ្វើជាតួស្រីសម្រាប់ការថតភាពយន្តអប់រំមួយ ដែលមានខ្លឹមសាររឿងផ្តោតសំខាន់ទៅលើការអប់រំប្រជាជនពីបញ្ហា ជាក់ស្តែងបានកើតឡើងនៅក្នុងសង្គមខ្មែរ បច្ចុប្បន្ន។
អ្វីដែលពិសេសនោះ គឺនាងមានឱកាសបានថតភាពយន្តជាមួយនឹងតួកុនប្រុសរៀមច្បងដ៏ល្បី របស់កម្ពុជាបានប្រឡូកវិស័យភាពយន្តតាំងពីឆ្នាំ ១៩៨៧ គឺ លោក ទេព រិនដារ៉ូ។
កញ្ញា ថន ថាណែត ថា៖ «វាជាក្តីសុបិនពីក្មេងរបស់នាងខ្ញុំ។ ខ្ញុំចូលចិត្តរឿងដែលផលិតដោយមជ្ឈមណ្ឌល ព័ត៌មាន ស្រ្តីកម្ពុជា គ្រប់រឿងតែម្តង។ ខ្ញុំតែងប្រាថ្នាថាខ្លួនពិតជាអាចសម្តែងកុនបាននៅថ្ងៃណាមួយជា មិនខាន»។
នាងបានបន្ថែមថា ទោះជាយ៉ាងណា រូបនាងមិនបោះបង់ចោលរបរជាអ្នកថតរូបឡើយ។ កញ្ញា ថាណែត បានសម្តែងចំនួនបួនរឿងរួចមកហើយសម្រាប់ការថតកុននៅឆ្នាំនេះ ហើយនាងគឺជា តួឯកទៀតផងដោយសារតែមានអំណោយផលផ្នែកទេពកោសល្យនិងរូបសម្រស់របស់ នាង។ ភាពយន្តមួយចំនួនបានផ្តោតសំខាន់ទៅនឹងរឿងការប្រើអំពើហិង្សាក្នុង គ្រួសារការចាប់រំលោភនិងការធ្វើកសិកម្មជាដើម។
ចំពោះរឿងដំបូងរបស់នាងបានសម្តែងនោះគឺជាតួអង្គ កូនស្រី របស់អ្នកកាន់សាសនា អ៊ិស្លាម ដែលប្រឈមនឹងការលំបាកក្នុងដំណើរជីវិត។ នាងបន្តថា៖ «ខ្ញុំមិនដែលសម្តែងភាពយន្តអ្វីឡើយតាំងពីមុនមក។ ខ្ញុំមានអារម្មណ៍ថាដូចជាលំបាកចិត្តបន្តិចពេលសម្តែងម្តងៗ តែបន្ទាប់ពីឆ្លងកាត់មួយរយៈនិងមានការលើកទឹកចិត្តពីសំណាក់ អ្នកដឹកនាំអ្នកនៅជុំវិញខ្លួនមកខ្ញុំមានអារម្មណ៍ថា ខ្លួនឯងមានការអភិវឌ្ឍច្រើន»។
ចំណែកភាពយន្ត ទី២ របស់កញ្ញា ថន ថាណែត វិញគឺរឿងនិយាយពីជនរងគ្រោះ។ នាងសម្តែងជាតួអ្នកគ្រូ បង្រៀន នៅទីជនបទដែលត្រូវរងការចាប់រំលោភដោយមិត្តភក្តិសម្បូរកលល្បិចរបស់ ខ្លួន បន្ទាប់ពីបដិសេធមិនស្រឡាញ់បុរសនោះ មុនពេលនាងចូលរោងការ។ ដំបូងតួអង្គអ្នកគ្រូមានអារម្មណ៍ថា ខ្លួនឯងមិនអាចទទួលយកអារម្មណ៍ឈឺចាប់នេះបានទេ ជាពិសេស សម្រាប់ការប្រឈមមុខនឹងឪពុកម្តាយនិងប៉ូលិសដោយសារតែវាជាទង្វើមួយ ប្រាសចាកប្រពៃណីខ្មែរ។ តាមរយៈសាច់រឿង ឪពុកម្តាយគ្រប់រូប រមែងយល់ថា ព្រហ្មចារី គឺជា វត្ថុដ៏មានតម្លៃបំផុតសម្រាប់ស្រ្តីក្រមុំទាំងឡាយ។ តែនៅទីបញ្ជប់ អ្នកគ្រូដែលរងគ្រោះដោយការចាប់រំលោភនោះ បានរៀបចំឯកសារប្តឹងដល់ប៉ូលិសស៊ើបរឿងរបស់នាងតាំងពីដើម ដើម្បីវែករកមុខជនល្មើសទាល់តែបាននោះ។
ថាណែត បានបន្តថា៖ «រាល់ភាពយន្តដែលនាងបានសម្តែងនោះ គឺសុទ្ធតែសម្ដែងតាមសាច់រឿងជីវិតពិតរបស់មនុស្សក្នុងសង្គមតែម្ដង »។
ការសម្តែងក្នុងខ្សែភាពយន្តរឿង «ជនរងគ្រោះ» និង រឿង ភ្លើងគ្មានផ្សែង បានធ្វើឲ្យប្រិយមិតស្គាល់និងកោតសរសើរពីទេពកោសល្យរបស់នាងជាខ្លាំង តាមរយៈការចាក់បញ្ចាំងនៅ ប៉ុស្តិ៍ទូរទស្សន៍ខ្មែរមួយចំនួនដូចជា MYTV ប៉ុស្តិ៍ ស៊ីធីអិន ប៉ុស្តិ៍ ទូរទស្សន៍ជាតិ ប៉ុស្តិ៍លេខ ៣ និង ប៉ុស្តិ៍ អាស៊ីអាគ្នេយ៍៕
Link to: http://www.camnews.org
No comments:
Post a Comment