ក្រុមបាតុករមួយចំនួនក៏បានចូលរួមដង្ហែក្បួនយកញត្តិទៅកាន់ ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា។ សមត្ថកិច្ចមិនបានរារាំងក្រុមបាតុករដែលមកពីតាមបណ្ដាខេត្តនានា ដូចកាលពីធ្វើមហាបាតុកម្មលើកមុនរបស់គណបក្សសង្គ្រោះជាតិទេ។ផ្ទុយ ទៅវិញ បានសម្រួលនិងអនុញ្ញាតឲ្យពួកគាត់ធ្វើដំណើរចូលក្រុង ហើយរក្សាសុវត្ថិភាពក្នុងក្បួនដង្ហែនាំញត្តិថែមទៀត។
ក្រុមបាតុករដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ បានដង្ហែញត្តិដោយមានស្នាមមេដៃចំនួនជាង ២.៣លាននៅទូទាំងប្រទេសទៅប្រគល់ឲ្យមន្ត្រីការិយាល័យឧត្ដមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅរសៀលថ្ងៃទី២៣ ខែតុលា ក្នុងថ្ងៃបាតុកម្មដំបូងនៃមហាបាតុកម្ម ៣ថ្ងៃរបស់គណបក្សប្រឆាំង។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងទៅកាន់អ្នកគាំទ្ររាប់ម៉ឺននាក់ថា ញត្តិដែលទទួលបាននៅនេះ មានឧបសគ្គច្រើន មានទាំងការរារាំង ឃាត់ឃាំងមិនឲ្យពលរដ្ឋផ្តិតមេដៃមានការគំរាមកំហែងពលរដ្ឋ និងមានការដកហូតស្នាមផ្តិតមេដៃរបស់ពលរដ្ឋដែលបានគំាទ្រគណបក្ស សង្គ្រោះជាតិ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់អ្នកគាំទ្រដែរថា មានមនុស្សច្រើននៅតែបន្តគាំទ្រ និងចូលរួមបាតុកម្មរបស់គណបក្សប្រឆាំង មិនដូចការទាយទុករបស់គណបក្សប្រជាជន។ លោកបន្តថា ពិភពលោកកំពុងតែសម្លឹងមើលមកទីលានប្រជាធិបតេយ្យនៅរាជធានីភ្នំពេញ ថា តើមានមនុស្សចូលរួមធ្វើបាតុកម្មច្រើនឬទេ?
លោក សម រង្ស៊ី បានមានប្រសាសន៍ថា គណបក្សប្រជាជនបាននិយាយចំអកថា ប្រជាពលរដ្ឋចង់បានសន្តិភាពហើយមិនចូលបាតុកម្មទេ។ លោកបានហៅសន្តិភាពបែបនោះ គឺសន្តិភាពទទេ ហើយបានប្រដូចសន្តិភាពដែលគណបក្សប្រជាជននិយាយនោះ ថាជាសន្តិភាពនៅជិតផ្នូរខ្មោច។
លោក សម រង្ស៊ី បានឲ្យដឹងថា មកទល់ពេលនេះគណបក្សសង្គ្រោះជាតិ ប្រមូលញត្តិបានចំនួនជាង ២លានស្នាមមេដៃ។ តាមគម្រោងគណបក្សសង្គ្រោះជាតិ នឹងបន្តស្វែងរកស្នាមមេដៃឲ្យបានជាង ១លានបន្ថែមទៀត សរុបគឺឲ្យបានជាង ៣លានស្នាមមេដៃ ដើម្បីបង្ហាញឲ្យអន្តរជាតិមើលឃើញថា គណបក្សសង្គ្រោះជាតិជាអ្នកឈ្នះឆ្នោតពិតប្រាកដ។
ក្រោយពីថ្លែងទៅកាន់អ្នកគាំទ្ររួច ក្បួនដង្ហែនាំញត្តិរបស់ក្រុមបាតុករបានដង្ហែចេញពីទីលាន ប្រជាធិបតេយ្យនៅវេលាម៉ោងជាង ៣រសៀល ឆ្ពោះទៅកាន់ការិយាល័យឧត្ដមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សតាមបណ្ដោយផ្លូវប៉ាស្ទ័រ។ លោក សម រង្ស៊ី និងលោក កឹម សុខា បានដើរនាំមុខរថយន្តដាក់ញត្តិ ហើយក្រុមបាតុករច្រើនម៉ឺននាក់បានដើរដោយថ្មើរជើងប្រវែងច្រើន គីឡូម៉ែត្រ។
ក្បួនដង្ហែនេះឃើញមានសមត្ថកិច្ច ២៤នាក់ បានដើរអមសងខាងផ្លូវក្បែរថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ តាំងទីលានប្រជាធិបតេយ្យដើម្បីការពារសុវត្ថិភាព។
ក្បួនដង្ហែធំដ៏កម្ររបស់គណបក្សសង្គ្រោះជាតិ លើកនេះឃើញមានសមត្ថកិច្ចច្រើនរយនាក់ បានដាក់កម្លាំងពង្រាយបិទផ្លូវរាំងនៅចំណុចជិតវត្តលង្កា ក្នុងបំណងមិនឲ្យក្រុមបាតុករដើរឆ្ពោះតម្រង់ទៅផ្លូវវិមានឯករាជ្យ។ យ៉ាងណាក្បួនដង្ហែនោះ បានធ្វើដំណើរយ៉ាងសន្សឹមៗ ទៅដល់គោលដៅហើយមានតែថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិប្រមាណ ១០នាក់ប៉ុណ្ណោះ ដឹកញត្តិប្រគល់ឲ្យមន្រ្តីការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស។
បាតុករម្នាក់ដែលបានដើរក្នុងក្បួនដង្ហែនាំញត្តិលោកស្រី ឡេង ណារី មានប្រសាសន៍ថា ការចូលរួមរបស់លោកស្រីនៅពេលនេះ គឺមានបំណងតែមួយគត់ចង់ឲ្យមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំថ្មី។
មិនខុសគ្នាដែរ បាតុករម្នាក់ទៀត គឺលោក សំ រស់ មកពីខេត្តកណ្ដាល ជឿថា គណបក្សសង្គ្រោះជាតិ ជាអ្នកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។ លោកគិតថា ការបន្លំសន្លឹកឆ្នោតជាមូលហេតុមួយដែលក្រឡាស់ឲ្យអ្នកឈ្នះឲ្យទៅ ជាចាញ់ ដូច្នេះមានតែការទាមទាររកយុត្តិធម៌ពីអង្គការអន្តរជាតិទេ ទើបអាចធានាថា ពលរដ្ឋបានយុត្តិធម៌ពិតប្រាកដ។
ក្បួនដង្ហែយកញត្តិរបស់គណបក្សសង្គ្រោះជាតិ បានបញ្ចប់ ហើយក្រុមបាតុករនិងថ្នាក់ដឹកនាំសង្គ្រោះជាតិ បានដើរបកក្រោយតាមផ្លូវប៉ាស្ទ័រដដែល តម្រង់មកទីលានប្រជាធិបតេយ្យវិញ បន្ទាប់មកក្រុមបាតុករក៏បានរំសាយនៅម៉ោងជាង ៦យប់។ មានក្រុមបាតុករប្រមាណជាង ៥ពាន់នាក់ប៉ុណ្ណោះនៅបន្តស្នាក់នៅទីលានប្រជាធិបតេយ្យ ក្រោមរោងកៅស៊ូតង់ ដើម្បីរង់ចាំចូលរួមបាតុកម្ម និងហែយកញត្តិទៅស្ថានទូតនានាក្នុងទីក្រុងភ្នំពេញ បន្តទៀត នៃបាតុកម្មថ្ងៃទី២ របស់គណបក្សប្រឆាំង។
បាតុកម្មលើកទី៣ ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិលើកនេះ មិនឃើញមានការបិទផ្លូវរារាំងដំណើរពលរដ្ឋពីតាមបណ្ដាខេត្តនានា ចូលមកក្រុងភ្នំពេញខ្លាំងក្លានោះទេ។ លើកលែងតែចំណុចភូមិត្រសាំង ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កម្លាំងនគរបាលបានស្ទាក់រថយន្តដែលដឹកបាតុករចូលមករាជធានីភ្នំពេញ។
ការស្ទាក់នៅចំណុចនោះធ្វើឲ្យកកស្ទះចរាចរណ៍ជិត ១ម៉ោង។ ទីបំផុតក្រុមបាតុករទាំងនោះ បាននាំគ្នាអង្គុយនិងចង់ខ្សែកាត់ផ្លូវ ហើយអូសបន្លាស្រាស់កាត់ផ្លូវបិទ ចរាចរណ៍ទាំងស្រុងតែម្ដង ជាការគំរាមសមត្ថកិច្ចរហូតធ្វើឲ្យសមត្ថកិច្ចបង្ខំបើកផ្លូវឲ្យពួក គាត់ធ្វើដំណើរចូលក្រុងបាន។
រីឯនៅចំណុចឃុំឃ្លាំងសម្បត្តិ ស្រុកបាទី ខេត្តតាកែវ សមត្ថកិច្ចបានយកបារ៉ាស់មកបិទផ្លូវមិនឲ្យ រថយន្តក្រុមបាតុករធ្វើដំណើរចូលក្រុងបាន។ ប៉ុន្តែចុងក្រោយសមត្ថកិច្ចបើកផ្លូវឲ្យចរាចរណ៍វិញ ក្រោយមានការកកស្ទះផ្លូវជាច្រើនម៉ោង។
ប្រធានផ្នែកអង្កេតនៃសមាគមអាដហុក លោក នី ចរិយា យល់ឃើញថា ការដង្ហែក្បួននាំញត្តិរបស់ពលរដ្ឋនៅពេលនេះ គឺបង្ហាញពីឆន្ទៈពិតប្រាកដរបស់ពលរដ្ឋដែលចង់ឲ្យអង្គការ សហប្រជាជាតិពិនិត្យឡើងវិញនូវការអនុវត្តសិទ្ធសញ្ញាទីក្រុងប៉ារីស។ លោកបន្តថា មហាបាតុកម្មដែលមានមនុស្សរាប់ម៉ឺននាក់ចូលរួមកុះករនេះ ក៏បង្ហាញពីសីលធម៌ខ្ពស់ក្នុងការធ្វើមហាបាតុកម្មអហិង្សា។
មហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ តាមគម្រោងថ្ងៃទី២ នៃមហាបាតុកម្មនៅថ្ងៃទី២៤ នឹងមានការដង្ហែក្បួននាំញត្តិទៅស្ថានទូតបារាំង ស្ថានទូតអង់គ្លេស និងស្ថានទូតសហរដ្ឋអាមេរិក ហើយនៅពេលយប់មានបញ្ចាំងភាពយន្តឯកសារ។ សម្រាប់ថ្ងៃបាតុកម្មចុងក្រោយ នឹងមានការហែយកញត្តិទៅស្ថានទូតអូស្ត្រាលី ស្ថានទូតរុស្ស៊ី ស្ថានទូតជប៉ុន ស្ថានទូតឥណ្ឌូនេស៊ី និងស្ថានទូតចិន៕
No comments:
Post a Comment