Friday, October 25, 2013

ពិណ​​ខ្មែរ​ ដែល​​មនុស្ស​​ជា​​ច្រើន​​ពុំ​​ធ្លាប់​​ឃើញ​ កំពុង​​​តែ​​បង្ហាញ​​ខ្លួន​​នៅ​គ្រប់​​ខេត្ត​ក្រុង

ឧបករណ៍​ភ្លេង​បុរាណ ​ដែល​ប្រជាជន​ខ្មែរ​ខ្លះ​ពុំ​ធ្លាប់​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ទាល់​តែ​សោះ​ក្នុង​មួយ​ឆាក​ជីវិត​ ត្រូវ​បាន​នាំ​យក​ទៅ​បង្ហាញ​ជូន​ពួក​គេ​ឲ្យ​បាន​​ស្គាល់។
គម្រោង​នេះ​​បង្កើត​ឡើង​ដោយ​ស្ថាបនិក​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ ​និង​​ជា​ចាងហ្វាង​ផលិតកម្ម​​​វឌ្ឍរក្ស​ លោក​ អាន ចន​ ផន​ សហការ​ជាមួយ​ជន​ជាតិ​អាមេរិកាំង​ Steve Riege ​ដោយ​ចាប់​ផ្ដើម​តាំង​ពី​ខែ​​កក្កដា​កន្លង​មក​។

ថត​ សីមា​ ប្រធាន​ចាត់​ការ​ផលិត​កម្ម​វឌ្ឍរក្សថា៖ “​គោល​បំណង​ធំ​របស់​យើង​គឺ​យក​ឧបករណ៍​ភ្លេង​បុរាណ​មួយ​ចំនួន​ដូច​ជា​ គែន​ សាដៀវ​ ស្នែង​ ប៉ីពក​ ប៉ីអ​ ជា​ពិសេស​ពិណ​ខ្មែរ​ជា​ដើម​ ដែល​ប្រជាជន​ខ្មែរ​នៅ​តាម​ជនបទ​ពុំ​ដែល​ធ្លាប់​បាន​ឃើញ​ ឲ្យ​បាន​ស្គាល់​នូវ​មរតក​​​ដូន​តា​របស់​​យើង។ កន្លែង​មក​ ពេល​ដែល​យើង​ទៅ​សម្ដែង​ជូន​ សូម្បី​តែ​ឪពុក​​ម្ដាយ​ក៏​មិន​ស្គាល់​ឧបករណ៍​ភ្លេង​ខ្លះ​ផង​ ពី​ព្រោះ​អ្នក​ដែល​ចេះ​លេង​ឧបករណ៍​ភ្លេង​ទាំង​នោះ​គឺ​តិច​ណាស់”។
ទន្ទឹម​នឹង​នោះ​ ថត​ សីមា​ ក៏​ចង់​បង្ហាញ​បទ​ចម្រៀង​ដែល​ផលិត​កម្ម​​របស់​ខ្លួន​និពន្ធ​​ ពុំ​ចម្លង​គេ​ បង្ហាញ​ជូន​​ប្រជាជន​​​តាម​​ជន​បទ​បាន​ទស្សនា។ កន្លង​មក​ ក្រុម​សម្ដែង​របស់​គាត់​​បាន​សម្ដែង​ជូន​ចំនួន​បួន​ដង​មក​ហើយ​ គឺ​ពីរ​ដង​នៅ​ខេត្ត​បាត់ដំបង​ និង​ពីរ​ដង​នៅ​ខេត្ត​ឧត្តរមានជ័យ។ ក្នុង​ការ​សម្ដែង​ម្ដង​ៗ​ មាន​ទាំង​ការ​បង្ហាញ​ជូន​ពី​ទម្រង់​សិល្បៈ​បុរាណ​ សម្ដែង​ដោយ​ក្រុម​របស់​​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ និង​ទម្រង់​សិល្បៈ​សម័យ​ដោយ​ផលិត​កម្ម​របស់​​អ្នក​នាង​ ថត​ សីមា​​ ផ្ទាល់។
ថន​ សីមា​ថា​៖ “តាម​គម្រោង​របស់​យើង​ គឺ​ចង់​សម្ដែង​ទូទាំង​ប្រទេស​តែ​ម្ដង​ ដើម្បី​ឲ្យ​យុវជន​តាម​ជន​បទ​បាន​រីករាយ​ជាមួយ​នឹង​សិល្បៈ​បុរាណ​ខ្មែរ​យើង។ ការ​ទស្សនា​គឺ​ពុំ​គិត​លុយ​ទេ។ រាល់​ការ​ចំណាយ​នានា​ គឺ​យើង​បាន​ពី​ការ​រៃ​អង្គាសប្រាក់​ពី​សហរដ្ឋអាមេរិក​​​នា​ពេល​​កន្លង​មក”។
នៅ​ខែ​១១​ខាង​មុខ​នេះ​ ថន​ សីមា​ថា​ ក្រុម​របស់​គាត់​នឹង​ឆ្ពោះ​ទៅ​សម្ដែង​នៅ​ខេត្ត​ព្រះសីហនុ​ ដោយ​ប្រគំ​នៅ​តាម​ដង​ផ្លូវ​ផង​ និង​ក្បែរ​ឆ្នេរ​​សមុទ្រ​​ផង៕
Link to: http://news.sabay.com.kh/articles/495118

No comments:

Post a Comment