Thursday, October 24, 2013

F1 នៅ​ឥណ្ឌា​នា​ថ្ងៃ​អាទិត្យ​នេះ អាច​នឹង​ក្លាយ​ជា​ការ​ប្រណាំង​លើក​ចុងក្រោយ

131024_26b

ការ​ប្រណាំង Indian F1 Grand Prix នៅ​ទី​លាន Buddh International Circuit ត្រូវ​បាន​លុប​ចេញ​ពី​ កម្ម​វិធី​ប្រកួត​នៅ​ឆ្នាំ​២០១៤ និង​ប្រហែល​ជា​មិន​វិល​មក​វិញ​នា​​ឆ្នាំ​បន្ទាប់​ពី​នោះ​ឡើយ​។ AFP

ក្រុងដែលី: ប្រធាន​កីឡា​ប្រណាំង​រថយន្ត​របស់​ឥណ្ឌា​បាន​ធ្វើការ​ ព្រមាន​ថា ការ​ប្រណាំង​ក្នុង​យុទ្ធនាការ Grand Prix នៅ​ចុង​សប្តាហ៍​នេះ​នៅលើ​ទីលាន Buddh International Circuit (BIC) ក្បែរ​ទីក្រុង​ដែលី អាច​នឹង​ក្លាយ​ជា​ការ​រៀបចំ​ជា​លើក​ចុងក្រោយ​ក្នុង​ប្រទេស​នេះ។

ការ​ប្រណាំង​រថយន្ត​មួយ​នេះ ត្រូវ​បាន​លុបចោល​រួច​ជា​ស្រេច​ចេញ​ពី​កម្មវិធី​បណ្តោះអាសន្ន​សម្រាប់​ឆ្នាំ ​ក្រោយ ហើយ​ទោះ​បី ការ​វិល​ទៅ​ប្រកួត​វិញ​ត្រូវ​បាន​គ្រោង​សម្រាប់​ឆ្នាំ​២០១៥​ក៏​ដោយ ប៉ុន្តែ មិន​មាន​អ្វី​ជា​ផ្លូវការ​ត្រូវ​បាន​សម្រេច​នៅ​ឡើយ​ទេ។
លោក Vicky Chandhok ប្រធាន​សហព័ន្ធ​កីឡា​ប្រណាំង​រថយន្ត​របស់​ប្រទេស​ឥណ្ឌា និង​ជា​ឪពុក​របស់​កីឡាករ​ប្រណាំង​រថយន្ត Karun Chandhok បាន​និយាយ​ថា​៖​«ប្រសិន​បើ​វា​មិន​វិល​មក​វិញ​ក្នុង​ឆ្នាំ​២០១៥​ទេ​នោះ វា​ប្រហែល​ជា​លែង​មាន​ការ​ប្រណាំង​ទៀត​ហើយ។ នោះ​ជា​កង្វល់​របស់​ខ្ញុំ។ នៅពេល​ដែល​អ្នក​បរាជ័យ​ក្នុង​ការ​ប្រណាំង​មួយ វា​អាច​នឹង​ក្លាយ​ជា​បរាជ័យ​ជា​រៀងរហូត​»។
លោក​បាន​បន្ត​ថា​៖ «នោះ​គឺជា​មូលហេតុ​ដែល​ខ្ញុំ​អំពាវនាវ​ឲ្យ​គ្រប់​គ្នា​ក្នុង​ប្រទេស​ឥណ្ឌា​ ធ្វើឲ្យ​ការ​ប្រណាំង​នៅ​ថ្ងៃ​អាទិត្យ​នេះ​គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​ត្រូវ ​ចងចាំ ហេតុនេះ គ្រប់​គ្នា​មក​ប្រណាំង​រថយន្ត Formula One នឹង​ដឹង​ថា ពួកគេ​ត្រូវការ Indian Grand Prix ជា​ចាំបាច់​»។
លោក​Chandhok បាន​បញ្ជាក់​ថា​៖ «ប្រសិន​បើ​យើង​ទទួល​បរាជ័យ ខ្ញុំ​នឹង​ពិតជា​ខក​ចិត្ត ពីព្រោះ​វា​បាន​ធ្វើឲ្យ​យើង​ចំណាយ​រយៈពេល​១០​ឆ្នាំ​ក្នុង​ការ​ទទួល​បាន​ការ​ ប្រណាំង​នេះ​ក្នុង​ទី​តាំង​ទី​១។
វា​គឺ​ស្ថិត​ក្នុង​ឆ្នាំ​១៩៩៩ ដែល​លោក Bernie Ecclestone [អ្នក​គ្រប់គ្រង​សិទ្ធិ​ពាណិជ្ជកម្ម​របស់​កីឡា​នេះ] បាន​ពិភាក្សា​ជា​លើក​ទី​១​ជាមួយ​នឹង​មន្ត្រី​រៀបចំ​ការ​ប្រណាំង និង​ម្ចាស់​ឧបត្ថម្ភ​ក្នុង​ប្រទេស​ឥណ្ឌា​»។
ការ​ប្រណាំង​ជា​លើក​ទី​១​នៅលើ​ទីលាន​ផ្លូវ​ខ្វាត់ខ្វែង BIC ក្នុង​តំបន់ Greater Noida ជាយ​ទីក្រុង Delhi បាន​កើតឡើង​ក្នុង​ឆ្នាំ​២០១១។ វា​គឺជា​ការ​ប្រណាំង​នៅលើ​ទីលាន​ដែល​មាន​ធូលី​ច្រើន កខ្វក់ និង​ច្របូកច្របល់ ខណៈ​ដែល​ការ​ប្រណាំង​ត្រូវ​បាន​បញ្ចប់​នៅ​ពេល​ព្រឹក។
អ្នក​ប្រណាំង​មួយ​ចំនួន​មិន​បាន​បញ្ចប់​ការ​ប្រណាំង​ឡើយ ហើយ​យន្តការី និង​វិស្វករ​បាន​ត្អូញត្អែរ​អំពី​អគ្គិសនី​ដែល​មិន​អាច​ជឿជាក់​បាន ក៏​ដូចជា​បញ្ហា​ជាមួយ​នឹង​បំពង់​ទឹក​ផង​ដែរ។
ចំណែក​កីឡាករ​ប្រណាំង និង​ប្រធាន​ក្រុម បាន​រួម​គ្នា​កោតសរសើរ​ទៅលើ​គុណភាព​នៃ​ទីលាន ហើយ​ការ​ប្រណាំង​នេះ​ត្រូវ​បាន​គាំទ្រ​យ៉ាង​ល្អ។ កាលពី​ឆ្នាំ​មុន ការ​ប្រណាំង​នេះ​បាន​ដំណើរការ​ក្នុង​ភាព​រលូន​ជាង។
លោក Chandhok បាន​ឲ្យ​ដឹង​ថា​៖ «​នៅពេល​នេះ រាល់​អ្វី​ៗ​កំពុង​តែ​ដំណើរការ​ដូចជា​ម៉ាស៊ីន​ប្រេង​ដ៏​ល្អ​មួយ​អ៊ីចឹង​»។
ការ​កើតឡើង​ស្រប​គ្នា​នៃ​ស្ថានភាព​ដើរ​ថយ​ក្រោយ​នៃ​សេដ្ឋកិច្ច​របស់​ ឥណ្ឌា និង​ការ​កើនឡើង​នៃ​ការ​ប្រកួត​ពី​ប្រទេស​ផ្សេង​ទៀត​បាន​ធ្វើឲ្យ​ការ​ប្រណាំង ​នៅ​ឥណ្ឌា ត្រូវ​បាន​លុប​ចោល​ចេញ​ពី​កម្មវិធី​នៅ​ឆ្នាំ​ក្រោយ។
ការ​បាត់បង់​ការ​ប្រណាំង​នេះ នឹង​ក្លាយ​ជា​ការ​ខក​ចិត្ត​ដ៏​ធំ​មួយ​ដល់​ក្រុមហ៊ុន​ផលិត​រថយន្ត Ferrari, Mercedes និង Renault ដែល​សុទ្ធសឹង​ចូលរួម​ក្នុង​ការ​ប្រណាំង Formula One និង​ស្រេកឃ្លាន​ក្នុង​ការ​បង្កើត​ឥទ្ធិពល​មួយ​ក្នុង​ប្រទេស​ដែល​មាន​អត្រា​ ប្រជាជន​១,២​ពាន់​លាន​នាក់​មួយ​នេះ។
Formula One ក៏​មាន​បញ្ហា​ក្នុង​ការ​បញ្ចូល​ទីលាន​ចូល​ទៅក្នុង​កម្មវិធី​ប្រណាំង​ផង​ដែរ។
បើ​ទោះ​បី​មិន​មាន​ការ​ប្រណាំង​នៅ​ឥណ្ឌា​ក៏​ដោយ ប៉ុន្តែ វា​នឹង​មាន​ការ​ប្រណាំង​ចំនួន​២២​នៅ​ក្នុង​បញ្ជី​បណ្តោះអាសន្ន​សម្រាប់​ រដូវកាល​ឆ្នាំ​២០១៤ ខណៈ​ដែល​ការ​ប្រណាំង​ពីរ​ក្នុង​ចំណោម​ការ​ប្រណាំង​ទាំង​នេះ (ដែល​អាច​ជា​ការ​ប្រណាំង​នៅ​រដ្ឋ New Jersey និង​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង) អាច​នឹង​មិន​ស្ថិត​ក្នុង​កម្មវិធី​ដែល​ត្រូវ​បាន​គេ​ប្រកាស​នេះ​ឡើយ៕ IS
Link to: http://postkhmer.com/index.php/sport/other-sport/105581-f1-

No comments:

Post a Comment