Thursday, February 20, 2014

ប្រជែង​​រូបថត​​លើ​ប្រធាន​បទ​ក្ដៅ​ ឈ្នះ​កាមេរ៉ា​ឌីជីថល​តម្លៃ​​ថ្លៃ!

បញ្ហា​​អំពើ​ពុក​រលួយ​ក្នុង​​សង្គម​​កម្ពុជា​ ត្រូវ​បាន​អង្គការ​អន្តរជាតិ​ តម្លាភាព​កម្ពុជា​ យក​មក​ធ្វើ​ជា​ប្រធានបទ​ ប្រកួតប្រជែង​រូបថត​ យក​រង្វាន់​ជា​កាមេរ៉ា​​ឌីជីថល​តម្លៃ​ថ្លៃ​មួយ​គ្រឿង។
កម្មវិធី​ប្រកួត​ប្រជែង​រូបថត​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ថត​រូប​ មិន​ថា​អាជីព​ ឬ​មិន​អាជីព​​​ ដោយ​មិន​ប្រកាន់​ថា​ខ្មែរ​ ឬ​បរទេស​ឡើយ​ អាច​ផ្ញើ​រូប​ថត​របស់​ខ្លួន​យ៉ាង​ច្រើន​បំផុត​បី​សន្លឹក​ មក​អង្គការ​តម្លាភាព​កម្ពុជា​ ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៥​ ខែ​មិនា​ ឆ្នាំ​២០១៤​នេះ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​អំពី​កម្មវិធី​ប្រកួត​ប្រជែង​រូបថត​ របស់​អង្គការ​តម្លាភាព​កម្ពុជា​ អំពើ​ពុក​រលួយ​បាន​ប៉ះ​ពាល់​​ទៅ​ដល់​ប្រជាពលរដ្ឋ​ ក្នុង​ការ​​ទទួល​បាន​សេវាកម្ម​ល្អ​ទៅ​លើ​​សុខ​ភាព​ ការ​អប់រំ​ សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ សិទ្ធិ​ក្នុង​ការ​បង្កើត​សមាគម​ សិទ្ធិ​បោះ​ឆ្នោត​ ឬ​សិទ្ធិ​ទទួល​បាន​ការ​កាត់​ក្ដី​ដោយ​យុត្តិធម៌។
ម្ល៉ោះ​ហើយ​ លោក​ ប៉ូច​ ពិសាល​ អ្នក​ទទួល​បន្ទុក​កម្មវិធី​ប្រកួត​ប្រជែង​ រូបថត​ របស់​អង្គការ​តម្លាភាព​កម្ពុជា​ ឲ្យ​ដឹង​ថា​​​ គោល​បំណង​នៃ​កម្មវិធី​នេះ​ គឺ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា​តើ​អំពើ​ពុក​រលួយ​ជះ​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ ជីវិត​រស់​នៅ​របស់​ប្រជាជន​ ក្នុង​ប្រទេស​កម្ពុជា។
លោក​​បន្ថែម​ថា៖ “ការ​ប្រកួត​ប្រជែង​ទាក់​ទង​នឹង​អំពើ​ពុក​រលួយ​នេះ​ អាច​រួម​ចំណែក​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ខ្លះ​ យ៉ាង​ហោច​ណាស់​អាច​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ ដែល​ចូលរួម​បង្កើត​ឲ្យ​មាន​អំពើ​ពុក​រលួយ​នេះ​ ដូច​ជា​តាម​រយៈ​ការ​សូក​លុយ​ បាន​យល់​អ្វី​ទៅ​ជា​អំពើ​ពុក​រលួយ”។
អ្នក​ទទួល​បន្ទុក​កម្មវិធី​ប្រកួត​ប្រជែង​ដដែល​បន្ថែម​ទៀត​​ថា​ ការ​ប្រកួត​រូបថត​នេះ​ ក៏​ដើម្បី​​ជ្រើស​រើស​យក​រូបថត​លេខ​មួយ​ មក​ធ្វើ​ជា​ក្រប​​ទំព័រ​របស់​របាយ​ការណ៍​​វាយ​តម្លៃ​ទៅ​លើ​ភាព​ខ្លាំង​ ភាព​ខ្សោយ​ និង​ឯករាជ្យ​ភាព​របស់​ស្ថាប័ន​​រដ្ឋ​ចំនួន​១៣​ មាន​ចំណង​ជើង​​ថា​ “ការ​វាយ​តម្លៃ​ប្រព័ន្ធ​សុចរិត​ភាព​ជាតិ” ដែល​អង្គការ​របស់​ខ្លួន​បាន​ធ្វើ​ និង​គ្រោង​ចេញ​ផ្សាយ​នៅ​ចុង​ខែ​ឧសភា​ ខាង​មុខ​នេះ​ដែរ។
បេក្ខជន​ដែល​ចាប់​អារម្មណ៍​នឹង​កម្ម​វិធី​ប្រកួត​ប្រជែង​រូបថត​នេះ​ អាច​ផ្ញើ​រូបថត​របស់​ខ្លួន​ មាន​ទំហំ​ មិន​លើស​១​មេហ្គាបៃ​ ស្ថិត​ក្នុង​ JPG format​ ជាមួយ​នឹង​អត្ថបទ​ពន្យល់​ពី​រូប​ថត​នោះ​ មិន​ឲ្យ​លើស​ពី​១៥០​ពាក្យ ​មក​កាន់ competition@ticambodia.org។ ជយលាភី​ទាំង​អស់​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​៤​ ខែ​មេសា​ ខាង​មុខ​ ហើយ​ស្នាដៃ​ដែល​ជាប់​ពាន​រង្វាន់​នេះ​​នឹង​​ត្រូវ​ពិព័រណ៍​​បង្ហាញ​ជូន​ សាធារណៈ​បាន​ទស្សនា​ដោយ​សេរី នៅ​ថ្ងៃ​នោះ​​ផង​ដែរ។
ជយ​លាភី​លេខ​មួយ​នឹង​ទទួល​បាន​រង្វាន់​ជា​កាមេរ៉ា​ឌីជីថល​មួយ​គ្រឿង​ ខណៈ​លេខ​ពីរ​ និង​លេខ​បី​នឹង​ទទួល​បាន​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ​ថត​រូប។ ក្រៅ​ពី​នេះ​ ក៏​នឹង​មាន​ជយលាភី​៧​រូប​​ផ្សេង​ទៀត។
កន្លង​មក​ អង្គការ​តម្លាភាព​កម្ពុជា​ធ្លាប់​បាន​រៀប​ចំ​ការ​ប្រកួត​ប្រជែង​ស្នាដៃ​របស់ ​ប្រជាជន​ពលរដ្ឋ​ខ្មែរ​ម្ដង​ហើយ​ ដោយ​កាល​នោះ​ ការ​ប្រកួត​ប្រជែង​គឺ​ពី​ការ​សរសេរ​អត្ថបទ​ទាក់​ទង​នឹង​អំពើ​ពុក​រលួយ។
លោក​ ផាក់​ សៀងលី​ អ្នក​យក​ព័ត៌មាន​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ដែល​បាន​ជាប់​ជយលាភី​លេខ​១​ លើ​​អត្ថបទ​​ទាក់​ទង​នឹង​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​​​​ចំពោះ​អំពើ​ពុក​រលួយ​ និង​ទទួល​បាន​រង្វាន់​កុំព្យូទ័រ​យួរ​ដៃ​មួយ​គ្រឿង​ ក្នុង​ការ​ប្រកួត​ឆ្នាំ​ទៅ ​ឲ្យ​ដឹង​ថា​ អំពើ​ពុក​រលួយ​ គឺ​មាន​ស្ទើរ​គ្រប់​ទី​កន្លែង​ គ្រាន់​តែ​ការ​ប្រព្រឹត្តិ​នោះ​ធំ​ ឬ​តូច​ប៉ុណ្ណោះ​ ហើយ​អំពើ​ពុក​រលួយ​ខ្លះ​ក៏​ចូលរួម​បង្កើត​ឡើង​ដោយ​ប្រជាជន​តែ​ម្ដង។
លោក​​ថា៖ “គ្រាន់​តែ​យើង​យក​លុយ​ទៅ​សូក​គេ​ គឺ​ជា​អំពើ​ពុក​រលួយ​​បាត់​ទៅ​ហើយ។ មនុស្ស​​ម្នាក់​ៗ​ចូលរួម​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ដោយ​ពុំ​ដឹង​ខ្លួន។ ដើម្បី​បំបាត់​អំពើ​ពុក​រលួយ​នេះ​ ខ្ញុំ​គិត​ថា​ គឺ​​​ចាំ​បាច់​ត្រូវ​ផ្ដើម​ផ្លាស់​ប្ដូរ​ពី​យើង​​ម្នាក់​ៗ​ទៅ”។
លោក​ សុវណ្ណ​ ភីឡុង​ គ្រូ​បង្រៀន​ថត​រូប​នៅ​វិទ្យាស្ថាន​បារាំង​ និង​ជា​អតីត​អ្នក​ថត​រូប​ឲ្យ​ភ្នាក់ងារ​ព័ត៌មាន​ចិន​ Xinhua​ ឲ្យ​ដឹង​ថា​ ថត​រូប​អាច​រៀប​រាប់​ពី​រឿងរ៉ាវ​បាន​ច្រើន​ មិន​មែន​បាន​តែ​អត្ថបទ​នោះ​​ទេ។
គ្រូ​បង្រៀន​ថត​រូប​រូប​នេះ​​ពន្យល់​​ថា​៖ “រូប​ដែល​យើង​ថត​ គឺ​​អាច​បង្ហាញ​ន័យ​ដោយ​​​ផ្ទាល់​ក៏​បាន​ ឬ​ដោយ​ប្រយោល​ក៏​បាន។ បើ​អត្ថន័យ​ផ្ទាល់​ យើង​គ្រាន់​តែ​​ដាក់​លុយ​ក្រោម​តុ​ រួច​ថត​ គឺ​អាច​បញ្ជាក់​បាន​អំពី​អំពើ​ពុក​រលួយ​ហើយ​ ប៉ុន្តែ​រូបភាព​បែប​នេះ​ គឺ​ធម្មតា​ៗ​ទេ។ រូប​ថត​ដែល​ល្អ​ គឺ​​ថត​ដោយ​គំនិត​​​ច្នៃ​ប្រឌិត។ ខ្ញុំ​គិត​ថា​ ការ​ថត​ទាក់​ទង​នឹង​អំពើ​ពុក​រលួយ​នេះ​ មិន​ស្រួល​ប៉ុន្មាន​ទេ​ ទាម​ទា​ឲ្យ​មាន​​ការ​ស្រមើ​ស្រមៃ​ច្រើន​ និង​ត្រូវ​សម​ស្រប​តាម​ស្ថាន​ភាព​សង្គម​ជាក់​ស្ដែង​​ផង។ ខ្ញុំ​ឲ្យ​ឧទាហរណ៍​មួយ​ លោក​គ្រូ​​ពេទ្យ​ពាក់​អាវ​ ដោយ​មាន​ហោប៉ៅ​ដេរ​មាត់​ចុះ​ក្រោម​ ដែល​នេះ​មាន​​ន័យ​ប្រយោល​​​ថា​ ហោប៉ៅ​ដេរ​មាត់​ចុះ​ក្រោម​អីចឹង​ ដាក់​លុយ​មិន​ជាប់​ទេ​​ ដូច្នេះ​គេ​អាច​គិត​ថា​​គ្មាន​អំពើ​ពុក​រលួយ​កើត​ឡើង​អីចឹង​ដែរ”។
លោក​ ភីឡុង​ សង្កេត​ឃើញ​ថា​ បច្ចុប្បន្ន​នេះ​ យុវជន​ខ្មែរ​កាន់​តែ​ច្រើន​ឡើង​ ចាប់​អារម្មណ៍​នឹង​ការ​ថត​រូប​គ្រាន់​បើ​ ប៉ុន្តែ​លោក​ថា​ ការ​ចូល​ចិត្ត​ថត​រូប​គឺ​ជា​រឿង​ល្អ​មួយ​ ប៉ុន្តែ​ការ​ចេះ​ថត​រូប​​ឲ្យ​ល្អ​ទៀត​ គឺ​ទើប​ជា​ជោគជ័យ​ដ៏​ពិត​ប្រាកដ។ ដើម្បី​ឈាន​ទៅ​រក​ជោគជ័យ​នេះ​បាន​ អ្នក​រៀន​ថត​រូប​ម្នាក់​ៗ​គួរ​តែ​ចេះ​មើល​រូប​គំនូរ​ ឬ​រូប​ថត​របស់​អ្នក​ដទៃ​ ទើប​គេ​អាច​បើក​គំនិត​ឆ្នៃ​ប្រឌិត​របស់​ខ្លួន​បាន​​កាន់​តែ​ប្រសើរ៕
Link to source: http://news.sabay.com.kh

No comments:

Post a Comment