Friday, February 28, 2014

មើល​កីឡដ្ឋាន World Cup ទាំង​១២​នៅ​ប្រេស៊ីល​បន្តិច​មើល៍!

សល់​តែ​មួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ ការ​ប្រកួត​បាល់ទាត់​ពិភពលោក FIFA World Cup 2014 នឹង​មក​ដល់​មក​ហើយ។ ប្រទេស​ជើង​ឯក World Cup ៥សម័យ​​ប្រេស៊ីល បាន​ត្រៀម​កីឡដ្ឋាន​ដល់​ទៅ​១២ ដើម្បី​ទទួល​ភ្ញៀវ​៣១ប្រទេស​ផ្សេង​ទៀត​សម្រាប់​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ។ សូម​បង្ហាញ​ប្រិយមិត្ត​​ពី​កីឡដ្ឋាន​ទាំង​១២នោះ ដូច​ខាង​ក្រោម​នេះ៖

១. កីឡដ្ឋាន​ជាតិ​ប្រេស៊ីល Mane Garrincha (អាច​ផ្ទុក​អ្នក​ទស្សនា​បាន ៧៦៩៣៥នាក់)

កីឡដ្ឋាន​ជាតិ​ប្រេស៊ីល​នេះ នឹង​ធ្វើ​ជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ចំនួន​៧​ប្រកួត​នៅ World Cup ដែល​ក្នុង​នោះ ៤ប្រកួត​ជា​ការ​ប្រកួត​ក្នុង​ពូល មួយ​ប្រកួត​វគ្គ​១៦ក្រុម​ចុង​ក្រោយ មួយ​ប្រកួត​វគ្គ​៨ក្រុម​ចុង​ក្រោយ​ និង​មួយ​ប្រកួត​ទៀត​គឺ​ការ​ប្រកួត​យក​ចំណាត់​ថ្នាក់​លេខ​៣។


២. កីឡដ្ឋាន Estadio Mineirao (ផ្ទុក​អ្នក​ទស្សនា​បាន ៦២៥៤៧នាក់)

កសាង​ឡើង​នៅ​ឆ្នាំ​១៩៦៥ កីឡដ្ឋាន​ Mineirao ស្ថិត​នៅ​ទីក្រុង​ Belo Horizonte ត្រូវ​បាន​​កែ​លម្អ​ឡើង​វិញ​សម្រាប់​ការ​ប្រកួត Confederations Cup ឆ្នាំ​នេះ និង​ World Cup 2014។ កីឡដ្ឋាន​នេះ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​៦ប្រកួត​នៅ​ World Cup ដែល​៤ប្រកួត​ក្នុង​ពូល មួយ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ និង​មួយ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

៣. កីឡដ្ឋាន Pantanal Arena (អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ ៤២៩៦៨នាក់)

ខុស​ពី​កីឡដ្ឋាន​២​ខាង​លើ កីឡដ្ឋាន Pantanal Arena ដែល​ស្ថិត​នៅ​ទីក្រុង Cuiaba នៅ​មិន​ទាន់​សាងសង់​រួច​រាល់​នៅ​ឡើយ​ទេ​ គិត​មក​ទល់​ពេល​នេះ។ កីឡដ្ឋាន​នេះ​ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ការ​ប្រកួត​៤​ប្រកួត ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​ទាំង​អស់។

៤. កីឡដ្ឋាន Baixada Arena (អាច​ផ្ទុក​អ្នក​ទស្សនា​បាន ៤ម៉ឺន​នាក់)

កីឡដ្ឋាន Baixada Arena ស្ថិត​នៅ​ទីក្រុង Curitiba ត្រូវ​បាន​កសាង​ឡើង​តាំង​ពី​ឆ្នាំ​១៩១៤មក​ម្ល៉េះ ប៉ុន្តែ​កំពុង​ត្រូវ​បាន​កែ​លម្អ​ឡើង​វិញ​សម្រាប់​ការ​ប្រកួត World Cup។ វា​នឹង​ក្លាយ​ជា​កន្លែង​សម្រាប់​ប្រកួត​៤ប្រកួត នៅ​វគ្គ​ជម្រុះ​តាម​ពូល។

៥. កីឡដ្ឋាន Castelao Arena (អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ ៦៤៨៤៦នាក់)

មានទាន់​​មាន​ការ​បញ្ជាក់​ថា​កីឡដ្ឋាន Castelao Arena ដែល​ស្ថិត​នៅ​ទីក្រុង Fortaleza នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ World Cup ​ប៉ុន្មាន​ប្រកួត​​នៅ​ឡើយទេ។

៦. កីឡដ្ឋាន Amazonia Arena (ផ្ទុក​អ្នក​ទស្សនា​បាន ៤២៣៧៧នាក់)

កីឡដ្ឋាន Amazonia Arena មិន​ទាន់​កសាង​រួច​រាល់​នៅ​ឡើយ​នោះ​ទេ។ កីឡដ្ឋាន​ដែល​ស្ថិត​នៅ​ក្រុង Manaus នេះ នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​៤ប្រកួត នៅ​វគ្គ​ជម្រុះ​តាម​ពូល​ក្នុង​ការ​ប្រកួត​ World Cup 2014។

៧. កីឡដ្ឋាន Dunas Arena (អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ ៤២០៨៦នាក់)

កីឡដ្ឋាន Dunas Arena មិន​ទាន់​ធ្វើ​រួចរាល់​នោះ​ទេ។ ស្ថិត​នៅ​ទីក្រុង Natal កីឡដ្ឋាន​នេះ នឹង​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​វគ្គ​ជម្រុះ​តាម​ពូល​៤ប្រកួត។

៨. កីឡដ្ឋាន Berro-Rio Stadium (ផ្ទុក​អ្នក​ទស្សនា​បាន ៥០២៨៧នាក់)

មិន​ខុស​ពី​កីឡដ្ឋាន​ Dunas Arena នោះ​ទេ កីឡដ្ឋាន Berro-Rio មិន​ទាន់​សាងសង់​រួច​រាល់​ជា​ស្ថាពរ​នៅ​ឡើយ​ទេ។ កីឡដ្ឋាន​នេះ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ World Cup ៥ប្រកួត ដែល​ក្នុង​នោះ​៤ប្រកួត​នា​វគ្គ​ជម្រុះ​តាម​ពូល និង​១​ប្រកួត​វគ្គ​១៦ក្រុម​ចុង​ក្រោយ។

៩. កីឡដ្ឋាន Pernambuco Arena (ផ្ទុក​អ្នក​ទស្សនា​បាន ៤៣៩២១នាក់)


ក្រៅ​ពី​ធ្វើ​ជា​ម្ចាស់​ផ្ទះ World Cup កីឡដ្ឋាន Pernambuco Arena ក៏​នឹង​ធ្វើ​ជា​កន្លែង​ប្រកួត Confederations Cup ផង​ដែឬ។ កីឡដ្ឋាន​ដែល​ស្ថិត​នៅ​ទីក្រុង Recife នេះ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​៤ប្រកួត​នា​វគ្គ​ជម្រុះ​តាម​ពូល និង​១ប្រកួត​វគ្គ​១៦ក្រុម​ចុង​ក្រោយ។

១០. កីឡដ្ឋាន Maracana (ផ្ទុក​អ្នក​ទស្សនា​បាន ៧៦៣៩៥នាក់)

ស្ថិត​នៅ​ទីក្រុង Rio De Janeiro កីឡដ្ឋាន Maracana ជា​កីឡដ្ឋាន​ធំ​បំផុត​មួយ​របស់​ប្រទេស​ប្រេស៊ីល។ ក្រៅ​ពី​ធ្វើ​ជា​កន្លែង​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូល​៤ប្រកួត វគ្គ​១៦ក្រុម​ចុង​ក្រោយ​១ប្រកួត និង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​១ប្រកួត កីឡដ្ឋាន​នេះ​ក៏​ជា​កន្លែង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ផង​ដែរ។

១១. កីឡដ្ឋាន Fonte Nova Arena (ផ្ទុក​អ្នក​ទស្សនា​បាន ៥៦០០០នាក់)

កីឡដ្ឋាន Fonte Nova Arena នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ World Cup ចំនួន​៥ប្រកួត ដែល​៤ប្រកួត​នៅ​វគ្គ​ជម្រុះ​តាម​ពូល និង​១ប្រកួត​ទៀត​នៅ​វគ្គ​៨ក្រុម​ចុង​ក្រោយ។
១២. កីឡដ្ឋាន Corinthians Arena (អាច​ផ្ទុក​អ្នក​ទស្សនា​បាន ៦៥៨០៧នាក់)

ស្ថិត​នៅ​ទីក្រុង Sao Paulo កីឡដ្ឋាន Corinthians Arena នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​បើក​ឆាក World Cup 2014 បូក​រួម​បី​ប្រកួត​ផ្សេង​ទៀត​នា​វគ្គ​ជម្រុះ​តាម​ពូល ១ប្រកួត​វគ្គ​១៦ក្រុម​ចុង​ក្រោយ និង​១​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

Link to source: http://news.sabay.com.kh

No comments:

Post a Comment