Tuesday, March 11, 2014

រិត​តែ​អាថ៌​កំបាំង​រក​យន្ត​ហោះ​មិន​ទាន់​ឃើញ​តែ​ទូរ​ស័ព្ទ​អ្នក​ដំណើរ​នៅ​រោទ៍​គ្មាន​អ្នក​លើក​

ការ​តាម​រុក​រក​នៅ​តែ​បន្ត​ក្នុង​សមុទ្រ​ចិន​ក្រោយ​ ការ​បាត់​ដាន​យន្ត​ហោះធុន​ប៊ូ​អុីង​៧៧៧​ របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ម៉ា​ឡេស៊ី ។​ រិត​តែ​​អាថ៌​កំបាំង​ថែម​ទៀត​ ដោយ​ទូរ​ស័ព្ទ​របស់​អ្នក​ដំណើរ​មួយ​ចំនួន​នៅតែ​ចុច​ទៅ​រោទ៍​ បុ៉ន្តែ​គ្មាន​អ្នក​លើក ។​ យន្ត​ហោះធុន​ប៊ូ​អុីង​៧៧៧​ របស់​ក្រុម​ហ៊ុន​ MALAYSIA AIRLINES នៅតែ​ពុំ​ទាន់​អាច​រក​ឃើញ​ ទោះ​បី​មានប្រតិបត្តិ​ការ​តាម​រុករក​យ៉ាង​សកម្ម​​បំផុត​ចូលរួម​ដោយ​ប្រទេស​ ជា​ច្រើន​ក៏​ដោយ ។​
សភាព​ការណ៍​នា​ថ្ងៃ​ទី​១០ មីនា​ មាន​ការ​វិវត្តន៍​បន្តិច​ហើយ​បណ្តាគ្រួសារ​ពួក​អ្នក​ដំណើរ​ជិះ​ក្នុង​យន្ត​ ហោះ​​ជើង​ហោះ​ហើរ​ MH 370 នោះ​នៅ​រង់ចាំ​ស្តាប់​ព័ត៌​មាន​ ខណៈ​ពេញ​មួយ​​ថ្ងៃ​មាន​ព័ត៌​មាន​ជា​ច្រើន​ដែល​ពុំ​ស៊ី​គ្នា ។​
ទោះ​បី​យ៉ាង​ណា​ គេ​មាន​ការ​ភ្ញាក់​​ផ្អើល​ ហើយ​មាន​សង្ឃឹម​ខ្លះ​ ព្រោះ​ទូរ​ស័ព្ទ​ដៃ​ចំនួន​១៩​គ្រឿង​ប្រហែល​ជា​របស់​ពួក​អ្នក​ដំណើរ​ហាក់​ដូច ​ជា​នៅ​ដំណើរ​ការ​ពេល​ចុច​​ទៅ តែ​គ្មាន​អ្នក​លើក។​ យោង​តាម​កាសែត​អាមេរិក​វ៉ាស៊ីន​តោន​បុ៉ស្តិ៍​ ចុះ​ថ្ងៃទី​១០ មីនា​ និង​តាម​កាសែត​ BUSINESS TIMES ថា​ គ្រួសារ​ចំនួន​១៩​របស់​មនុស្ស​ដែល​បាត់​ខ្លួន​ក្នុង​យន្ត​ហោះ​បាន​ចុះ​ហត្ថ​ លេខា​លើ​សេចក្តី​ថ្លែង​ការណ៍​រួម​​មួយ​ ដោយ​ក្នុងសេចក្តី​ថ្លែង​ការណ៍​រួម​នោះ​ ​ពួកគេ​អះ​អាង​ថា​ លេខ​ទូរ​ស័ព្ទ​ដៃ​ជា​ច្រើន​​ចុច​ទៅ​នៅ​រោទ៍​ គឺ​នៅ​ដំណើរ​ការ ។​
ពួក​គេ​ស្នើ​ដល់​អាជ្ញាធរ​ចិន​ទទួល​បន្ទុក​ផ្តល់​សេវា ​កម្ម​ដល់​ទូរ​ស័ព្ទ​ដៃទាំង​នោះ​ឱ្យ​ធ្វើ​ការ​ស្រាវ​ជ្រាវ ​ដើម្បី​បំភ្លឺ​លើ​អាថ៌​​កំបាំង​នៃការបាត់​យន្ត​ហោះ​នោះ​ជា​មួយ​មនុស្ស​២៣៩​ នាក់ ។​ ទូរ​ស័ព្ទ​ដៃ​របស់​បណ្តា​សមា​ជិក​ក្រុម​យានិក​ ក៏ស្ថិត​ក្នុង​ចំណោម​ទូរ​ស័ព្ទ​ហៅ​ទៅ​នៅ​ដំណើរ​ការ​ដែរ​ ។ ​នេះ​ជា​ការ​អះ​អាង​របស់​កាសែត​សិង្ហ​បុរី​ STRAIT TIMES ។​ នេះ​ជា​សមាស​ភាគ​ថ្មី​​នៃ​ការ​សើុប​អង្កេត​ ដែល​រហូត​មក​ទល់​ពេល​នេះ​នៅ​ពុំ​ទាន់​កំណត់បាន​អ្វី​នៅ​ឡើយ​នោះ ។​
ម្យ៉ាង​វិញ​ទៀត​ គេ​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១០ មីនា​ថា កង​ម៉ារីន​អាមេ​រិក​នឹង​បញ្ជូន​នាវា​ចម្បាំង​១​គ្រឿង​ទៀត​មក​កាន់​សមុទ្រ​ ចិន​ភាគ​ខាង​ត្បូង​ដើម្បី​ចូលរួម​ក្នុង​ការ​​រុក​រក​ ។ នាវា​ពិឃាត​អាមេរិក​ USS KIDD នឹង​មក​កាន់​តំបន់​សង្ស័យ​យន្ត​ហោះធ្លាក់​ ដែល​នៅ​ទី​នោះ​មាន​វត្ត​មាន​រួច​ហើយ​របស់​នាវា​ពិឃាត​​អាមេរិក​ USS PINCKNEY ៕​

No comments:

Post a Comment